អន្តរជាតិ

ចិនប្រកាសបញ្ឈប់ការចេញផ្សាយតួលេខប្រចាំថ្ងៃស្តីពីករណីឆ្លងជំងឺកូវីដ១៩ និងចំនួនមរណភាព ដោយចាប់ផ្ដើមពីថ្ងៃអាទិត្យនេះ

BY
autoadmin
December 25, 2022

រដ្ឋាភិបាលចិននិយាយថា ខ្លួននឹងបញ្ឈប់ការចេញផ្សាយតួលេខប្រចាំថ្ងៃស្តីពីករណីឆ្លងជំងឺ COVID-19 និងការស្លាប់ ចាប់ពីថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ខ្លួនបាននិយាយថា ព័ត៌មានដែលទាក់ទងនឹងជំងឺ COVID នឹងត្រូវបានបោះពុម្ពផ្សាយសម្រាប់ជាឯកសារយោង និងស្រាវជ្រាវប៉ុណ្ណោះ ដោយមិនបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរ ឬថាតើ CDC ចិននឹងធ្វើបច្ចុប្បន្នភាពអំពីជំងឺ COVID ញឹកញាប់ប៉ុណ្ណា។

រំលឹកផងដែរថា ប្រទេសចិនបានបញ្ឈប់ការចេញផ្សាយចំនួនករណី COVID-19 ដែលមិនមានរោគសញ្ញា តាំងតែពីថ្ងៃទី១៤ ខែធ្នូ ដោយលើកឡើងពីភាពលំបាកក្នុងការទទួលបានតួលេខច្បាស់លាស់ ព្រោះអីមនុស្សជាច្រើនដែលគ្មានរោគសញ្ញា មិនបានទៅធ្វើតេស្ត PCR នោះទេ។

ការបញ្ឈប់ការរាយការណ៍ពីករណីឆ្លងប្រចាំថ្ងៃ និងការស្លាប់សរុប បានកើតឡើងនៅពេលដែលមានការព្រួយបារម្ភកើនឡើង ជុំវិញកង្វះខាតព័ត៌មានសំខាន់ៗ ចាប់តាំងពីទីក្រុងប៉េកាំងបានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះគោលនយោបាយ zero-COVID ដែលបានធ្វើឱ្យពលរដ្ឋរាប់រយលាននាក់របស់ខ្លួនស្ថិតនៅក្រោមការបិទខ្ទប់ ដោយឥតឈប់ឈរ និងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកមួយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: