អន្តរជាតិ

រុស្ស៊ីព្រមានម៉ុលដាវី ជុំវិញកិច្ចសហប្រតិបត្តិការជាមួយណាតូ ខណៈមន្ត្រីចារកម្មរបស់ម៉ុលដាវីបានរាយការណ៍ថា រុស្ស៊ីអាចនឹងឈ្លានពានប្រទេសខ្លួននៅដើមឆ្នាំក្រោយ

BY
autoadmin
December 25, 2022

អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់បានព្រមានប្រទេសម៉ុលដាវីថា កិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធរបស់ប្រទេសនេះ ជាមួយលោកខាងលិច អាចនាំទៅរកគ្រោះមហន្តរាយ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Mikhail Galuzin នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍បាននិយាយថា កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរបស់ប្រទេសម៉ុលដូវ៉ា ជាមួយនឹងអង្គការណាតូ មិនបានពង្រឹងសន្តិសុខរបស់ពួកគេនោះទេ ប៉ុន្តែនាំឱ្យវាខិតទៅរកគ្រោះមហន្តរាយ។ ជម្រាបដែរថា លោក Galuzin ទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋ Commonwealth of Independent States ឬ CIS។

គាត់ក៏បាននិយាយផងដែរថា បទពិសោធន៍ដ៏សោកសៅរបស់អ៊ុយក្រែន គួរតែម៉ុលដាវីអាចមើលឃើញបានយ៉ាងច្បាស់។ មុននេះ ប្រធានទីភ្នាក់ងារចារកម្មរបស់ម៉ុលដាវី បានប្រាប់សារព័ត៌មានក្នុងស្រុកថា រុស្ស៊ីអាចឈ្លានពានប្រទេសនេះនៅដើមឆ្នាំក្រោយ។ តំបន់ផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី Transdniestria នៅក្នុងប្រទេសម៉ុលដាវី បានប្រកាសឯករាជ្យជាឯកតោភាគី ហើយបាននិងកំពុងធ្វើជាម្ចាស់ជ៉ំរ៉ំឱ្យកងកម្លាំងរុស្ស៊ីផងដែរ។ រដ្ឋាភិបាល​របស់​ប្រទេស​ម៉ុលដូវ៉ា ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតីលោកស្រី Maia Sandu បាន​និង​កំពុង​តាម​ដាន​យ៉ាង​ដិតដល់​លើ​ចំណាត់ការ​របស់​យោធា​រុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: