អន្តរជាតិ

លោក Zelenskyy បានអំពាវនាវឱ្យពលរដ្ឋអ៊ុយក្រែនរួបរួមគ្នា ប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី

BY
autoadmin
December 26, 2022

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងឱកាសបុណ្យណូអែលម្សិលមិញនេះ បានជំរុញឱ្យប្រជាជាតិរួបរួមគ្នា ខណៈដែលរុស្ស៊ីនៅតែបន្តការវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន។ ជម្រាបដែរថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​កាល​ពី​ចុង​សប្តាហ៍​នៅ​ក្រុង Kherson ភាគ​ខាង​ត្បូង​អ៊ុយក្រែន ​បាន​សម្លាប់​មនុស្ស ១៦​នាក់។ នៅក្នុងសារវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Zelenskyy បាននិយាយថា៖«នៅពេលដែលអ៊ុយក្រែននៅជាមួយគ្នា នៅពេលដែលប្រជាជនអ៊ុយក្រែនដឹងគុណចំពោះគ្នាទៅវិញទៅមក យើងមិនអាចចាញ់បានទេ»។

លោក Zelenskyy ក៏បាននិយាយផងដែរថា៖«រុស្ស៊ីបានបាត់បង់អ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាននៅឆ្នាំនេះ។ ប៉ុន្តែពួកគេកំពុងព្យាយាមទូទាត់សម្រាប់ការខាតបង់នេះ ជាមួយនឹងភាពត្រេកត្រអាល បន្ទាប់ពីការវាយប្រហារដោយមីស៊ីលមកលើប្រទេសរបស់យើង នៅក្នុងវិស័យថាមពលរបស់យើង»។ លោកបានកត់សម្គាល់ថា មានជម្រកបណ្ដោះអាសន្នជាង ៥,៥០០ ត្រូវបានបើកនៅទូទាំងប្រទេស ហើយលោកបានជំរុញឱ្យប្រជាជនយកចិត្តទុកដាក់ចំពោះការជូនដំណឹងអំពីការវាយលុកតាមអាកាស។

មុននេះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានរិះគន់អ៊ុយក្រែន និងប្រទេសលោកខាងលិច នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរបស់រុស្ស៊ី។ លោកបាននិយាយថា៖«យើងត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធអំពីដំណោះស្រាយដែលអាចទទួលយកបាន ប៉ុន្តែនោះអាស្រ័យលើពួកគេ យើងមិនមែនជាអ្នកបដិសេធក្នុងការចរចានោះទេ គឺពួកគេទៅវិញទេ»។ លោក​បាន​បន្ថែម​ថា ប្រជាជន​រុស្ស៊ី ៩៩.៩% ​​មាន​ឆន្ទៈ​លះបង់​ជីវិត​ដើម្បី​ប្រយោជន៍​ប្រទេសរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: