ដ្រូនអ៊ុយក្រែនបានវាយប្រហារលើមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី ដែលបណ្តាលឱ្យមនុស្ស ៣ នាក់បាត់បង់ជីវិត
- BY
- autoadmin
- December 26, 2022
ទីក្រុងមូស្គូបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារទៅលើមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែក Engels នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី បានបណ្តាលឱ្យមនុស្សបីនាក់ស្លាប់។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កងការពារអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនោះ ប៉ុន្តែកម្ទេចកម្ទីដែលធ្លាក់ចុះមក ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងការវាយប្រហារពេញមួយយប់។ កាលពីដើមខែនេះ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនពីការវាយប្រហារស្រដៀងគ្នានេះ លើអាកាសយានដ្ឋាន ដែលជាកន្លែងសម្រាប់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ខ្លួន។ មូលដ្ឋាននេះស្ថិតនៅចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើតនៃព្រំដែនអ៊ុយក្រែន។

យោធាអ៊ុយក្រែនមិនបានអត្ថាធិប្បាយជាផ្លូវការលើការវាយប្រហារនេះទេ ប៉ុន្តែលោក Steve Rosenberg និពន្ធនាយករបស់ BBC Russia និយាយថា ឧប្បត្តិហេតុចុងក្រោយនឹងកើតឡើងជាការអាម៉ាស់ដល់អាជ្ញាធររុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ដែលហោះហើរក្នុងរយៈកម្ពស់ទាប នៅម៉ោងប្រហែល ០១:៣៥ នៅថ្ងៃចន្ទ (២២:៣៥ GMT ថ្ងៃអាទិត្យ) ។ អភិបាលខេត្ត Saratov លោក Roman Busargin បានសម្តែងការរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកស្លាប់ ហើយបាននិយាយថា៖«វាគ្មានការគំរាមកំហែងដល់អ្នកស្រុក» នៅក្នុងទីក្រុង Engels នោះទេ។ មុននេះ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហោះវីដេអូដែលសំឡេងដូចជាការផ្ទុះ និងស៊ីរ៉ែន ដែលអាចត្រូវបានគេឮនៅឯអាកាសយានដ្ឋាន Engels ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






