កូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានបាញ់ព្រមានយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ដែលបានហោះហើរចូលព្រំដែនរបស់ខ្លួន
- BY
- autoadmin
- December 27, 2022
ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធា ហើយបានទៅដល់ដែនអាកាសរបស់ខ្លួននៅជិតរដ្ឋធានីសេអ៊ូលកាលពីព្រឹកថ្ងៃចន្ទ។ ក្រសួងនិយាយថា យន្តហោះគ្មានមនុស្សបើកនោះ ត្រូវបានរកឃើញនៅម៉ោងប្រហែល ១០ និង ២៥ នាទីព្រឹក ដោយវាបានទៅដល់ខេត្ត Gyeonggi ក្បែរទីក្រុងសេអ៊ូល។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា យោធាបានត្រៀមយន្តហោះ និងយន្តហោះចម្បាំងផ្សេងទៀត និងបានបើកការបាញ់ប្រហារ ក្នុងការប៉ុនប៉ងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនោះ។

អាកាសយានដ្ឋានកូរ៉េខាងត្បូងនៅទីក្រុង Incheon និង Gimpo បានផ្អាកជើងហោះហើរប្រហែលមួយម៉ោងនៅរសៀលថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់យោធា។ វាកើតឡើងនៅពេលដែលទីក្រុងព្យុងយ៉ាងបន្តអភិវឌ្ឍយានអវកាសគ្មានមនុស្សបើក សម្រាប់គោលបំណងឈ្លបយកការណ៍ និងការវាយប្រហារតាមអាកាស។ យន្តហោះគ្មានមនុស្សបើកប្រភេទនេះ ត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងការដង្ហែក្បួនយោធានាពេលកន្លងមក។ នៅក្នុងឆ្នាំ២០១៤ និង២០១៧ យន្តហោះធុនតូចគ្មានមនុស្សបើករបស់កូរ៉េខាងជើង ដែលបំពាក់ដោយកាមេរ៉ាត្រូវបានគេរកឃើញថា បានធ្លាក់នៅតំបន់ភ្នំនៅភាគខាងជើងប្រទេសកូរ៉េខាងត្បូងក្បែរព្រំដែនជាមួយកូរ៉េខាងជើង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






