កូរ៉េខាងត្បូងបានលើកលែងទោសអតីតប្រធានាធិបតី Lee Myung-bak ដោយសារតែអាយុ និងបញ្ហាសុខភាពទ្រុឌទ្រោមរបស់គាត់
- BY
- autoadmin
- December 27, 2022
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបាននិយាយថា អតីតប្រធានាធិបតីលោក Lee Myung-bak ត្រូវបានទទួលការលើកលែងទោស ពីប្រធានាធិបតីបច្ចុប្បន្នលោក Yoon Suk Yeol នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ នេះផ្ទាល់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ លោក Han Dong-hoon បានប្រាប់អ្នកយកព័ត៌មាន ក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាមួយលោកប្រធានាធិបតីថា លោក Lee ស្ថិតនៅក្នុងចំណោមបញ្ជីមនុស្សជាង ១,៣០០ នាក់ ដែលបានទទួលការលើកលែងទោសពិសេស «តាមទស្សនៈនៃការបង្រួបបង្រួមជាតិទូលំទូលាយ ការផ្សះផ្សា ការអត់ឱន និងការពិចារណាឡើងវិញ»។

លោក Lee Myung-bak សព្វថ្ងៃមានអាយុ ៨១ឆ្នាំ ដែលកាលពីខែមិថុនាកន្លងទៅ គាត់ត្រូវគេបានអនុញ្ញាតឱ្យដោះលែងពីពន្ធនាគារបណ្តោះអាសន្ន ដោយសារតែអាយុ និងសុខភាពកាន់តែយ៉ាប់យ៉ឺនរបស់គាត់។ លោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទស៊ីសំណូក និងកេងបន្លំ។ អតីតនាយកប្រតិបត្តិក្រុមហ៊ុន Hyundai រូបនេះ ជាប់ទោសឧក្រិដ្ឋចំនួន ១៦ ករណី នៅក្នុងឆ្នាំ២០១៨ និងត្រូវបានកាត់ទោសនៅឆ្នាំ២០២០ ឱ្យជាប់ពន្ធនាគារ ១៧ឆ្នាំ រហូតដល់ឆ្នាំ២០៣៦។ ប្រសិនបើគាត់ជាប់ពន្ធនាគារតាមកាលកំណត់ នោះគាត់នឹងត្រូវមានអាយុ ៩៥ឆ្នាំ ទម្រាំអាចចេញមកវិញបាន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






