អន្តរជាតិ

ប្រទេសរុស្ស៊ី​នឹងហាម​ឃាត់ការលក់​ប្រេងទៅ​កាន់​ប្រទេស​ណា ដែលទទួលយកការ​កំណត់តម្លៃ​របស់លោកខាងលិច

BY
autoadmin
December 28, 2022

ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងហាមឃាត់ការលក់ប្រេងទៅកាន់ប្រទេសណាដែលគោរពតាមការកំណត់តម្លៃក្នុងខែនេះដោយលោកខាងលិច ដែលជាការឆ្លើយតបទៅវិញរបស់រុស្ស៊ី នៅពេលប្រទេសលោកខាងលិចព្យាយាមបិទផ្លូវរបស់រុស្ស៊ី។ ក្រោមតម្លៃដែលបានចូលជាធរមាននៅថ្ងៃទី០៥ ខែធ្នូ វាបានកំណត់ថា ពាណិជ្ជករប្រេងត្រូវតែសន្យាថា នឹងមិនបង់ប្រាក់លើសពី ៦០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល សម្រាប់ប្រេងសមុទ្ររបស់រុស្ស៊ី ដើម្បីរក្សាសិទ្ធិទទួលបានហិរញ្ញប្បទានពីលោកខាងលិច សម្រាប់ទិដ្ឋភាពសំខាន់នៃការដឹកជញ្ជូនសកលដូចជាការធានារ៉ាប់រងជាដើម។

ការពិតទៅការកំណត់ថ្លៃនោះ គឺក្បែរនឹងតម្លៃប្រេងរុស្ស៊ីបច្ចុប្បន្ន ប៉ុន្តែទាបជាងតម្លៃដែលរុស្ស៊ីអាចលក់ចេញបានច្រើនក្នុងឆ្នាំមុន នៅពេលដែលប្រាក់ចំណេញពីថាមពល បានជួយទីក្រុងម៉ូស្គូទូទាត់ផលប៉ះពាល់នៃទណ្ឌកម្មហិរញ្ញវត្ថុ។ ប្រទេសរុស្ស៊ី គឺជាប្រទេសនាំចេញប្រេងធំជាងគេទី២ របស់ពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត ហើយការរំខានជាក់ស្តែងណាមួយចំពោះការលក់របស់ខ្លួននឹងមានផលវិបាកយ៉ាងធំធេង សម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោក។ ក្រឹត្យមួយរបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ដែលត្រូវបានចេញផ្សាយនៅលើផតថលរបស់រដ្ឋាភិបាល (government portal) និងគេហទំព័រវិមានក្រឹមឡាំង ត្រូវបានបង្ហាញជាការឆ្លើយតបដោយផ្ទាល់ចំពោះ «សកម្មភាពអមិត្ត និងផ្ទុយនឹងច្បាប់អន្តរជាតិ ដោយសហរដ្ឋអាមេរិក និងរដ្ឋបរទេស និងអង្គការអន្តរជាតិដែលចូលរួមជាមួយពួកគេ»។

ការហាមប្រាមរបស់វិមានក្រឹមឡាំង នឹងបញ្ឈប់ការលក់ប្រេងឆៅដល់ប្រទេសដែលចូលរួមក្នុងការកំណត់តម្លៃចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ ការហាមឃាត់ដាច់ដោយឡែកលើផលិតផលប្រេងចម្រាញ់ ដូចជាប្រេងសាំង និងប្រេងម៉ាស៊ូត នឹងចូលជាធរមាននៅថ្ងៃកំណត់ដែលកំណត់ដោយរដ្ឋាភិបាល។ លោក ពូទីន នឹងមានសិទ្ធិអំណាច ដើម្បីបដិសេធវិធានការណ៍នៅក្នុងករណីពិសេស៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: