សង្គម
បុរសពោះម៉ាយ ចិញ្ចឹមកូនតូចៗ៤នាក់ រស់នៅក្រោមស្ពាន មិនមានលទ្ធភាពឱ្យកូនបានសិក្សារៀនសូត្រ ទីបំផុតត្រូវបានអាជ្ញាធរនាំឱ្យស្នាក់នៅនឹងបន្តការសិក្សានៅ មណ្ឌលអភិវឌ្ឍន៍កុមារកម្ពុជា
បុរសពោះម៉ាយកូន៤ មិនមានលទ្ធភាពឱ្យកូនបានសិក្សារៀនសូត្រ ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងអង្គការដៃគូនានា បាននាំកូនប្រុសទាំងបួននាក់របស់គាត់ ឱ្យស្នាក់នៅនឹងបន្តការសិក្សានៅ មណ្ឌលអភិវឌ្ឍន៍កុមារកម្ពុជា ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ និងអង្គការដៃគូនានា បានចុះពិនិត្យ និងសាកសួរផ្ទាល់ ដល់គ្រួសាររបស់ លោក ប្រាក់ សុភ័ក្រ ជាបុរសពោះម៉ាយ ដែលមានកូនបួននាក់ក្នុងបន្ទក់ ហើយកំពុងស្នាក់នៅក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុនស្ទឹងជ្រៅ ក្នុងក្រុងតាខ្មៅ មានជីវភាពខ្វះខាត និងមានជំងឺផង ដែលមិនមានលទ្ធភាពអាចឱ្យកូនបានសិក្សារៀនសូត្របាន។

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្ដែង ក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល អាជ្ញាធរក្រុងតាខ្មៅ រួមជាមួយអង្គការដៃគូនានា បានធ្វើការពន្យល់ និងណែនាំដល់ លោក ប្រាក់ សុភ័ក្រ ដើម្បីឱ្យគាត់យល់ព្រមក្នុងការបញ្ជូនកូនប្រុសទាំងបួននាក់របស់គាត់ ទៅស្នាក់នៅក្នុងមណ្ឌលអភិវឌ្ឍន៍កុមារកម្ពុជាជាបណ្ដោះអាសន្ន ដើម្បីឱ្យពួកគាត់មានឱកាសបានសិក្សារៀនសូត្រដូចក្មេងដទៃ និងមានការឧបត្ថម្ភជាសម្ភារៈ និងការស្នាក់នៅសមរម្យផងដែរ។ លោក លី សុធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានឱ្យដឹងផងដែរថា កន្លងមកមន្ទីរសង្គមកិច្ច និងអង្គការមិត្តសម្លាញ់ បានធ្វើការចុះជួបពួកគាត់ជាប្រចាំ នឹងបានជួលផ្ទះឱ្យពួកគាត់ស្នាក់នៅ ព្រមទាំងបង្កើតមុខរបរចិញ្ចឹមជីវិតសម្រាប់ពួកគាត់ផងដែរ។ ប៉ុន្តែបន្ទាប់មកក្រុមគ្រួសាររបស់ពួកគាត់មានការបែកបាក់មិនចុះសម្រុងគ្នា ធ្វើឱ្យលោក ប្រាក់ សុភ័ក្រ មានការបាក់ទឹកចិត្ត និងបានត្រឡប់មកស្នាក់នៅក្រោមស្ពាននេះបន្តទៀត។
លោកប្រធានមន្ទីរ បន្តថា អាជ្ញាធរភូមិ សង្កាត់ គឺមិនបានព្រងើយកន្តើយជាមួយក្រុមគ្រួសាររបស់គាត់ឡើយ ដោយបានសម្ភាសគាត់ជាប្រភេទក្រីក្រ (ក្រ១) ដែលរាជរដ្ឋាភិបាលបានផ្ដល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ដែលប្រាក់ជំនួយសង្គមនេះគឺបើកជូនគាត់ជារៀងរាល់ខែដោយមួយខែទទួលបាន២៧ម៉ឺន ២ពាន់រៀល នៅតាមបញ្ចូលវិញដែលនៅជិត។ លោកប្រធានមន្ទីរក៏បានថែមទៀតថា លោក ប្រាក់ សុភ័ក្រ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ដើម្បីព្យាបាលជំងឺជូនគាត់ និងពិនិត្យតាមដានសុខភាពផងដែរ៕







ប្រភព៖រដ្ឋបាលខេត្តកណ្តាល
សង្គម
សហគ្រិនស្ត្រីឆ្នើមពីររូប ទទួលគ្រឿងឥស្សរិយយសព្រមគ្នាពីព្រះមហាក្សត្រ
សហគ្រិនស្ត្រីឆ្នើមកម្ពុជាពីររូប ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា សព្វព្រះហរទ័យ ព្រះរាជទានគ្រឿងឥស្សរិយយសចំនួន២ ព្រមគ្នា ក្នុងពេលតែមួយ។

ក្នុងនោះលោកជុំទាវ ខូវ សុខលាង អគ្គនាយិការក្រុមហ៊ុន ASPOR Electronic co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេរីវឌ្ឍន៍ និង លោកជុំទាវ រស់ សុភ័ក្រ អគ្គនាយិការក្រុមហ៊ុន Bnature import export co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេនា។

លោកជំទាវទាំងពីរក៏ជាសប្បុរសជនដែលតែជួយបរិច្ចាគ ថវិការ ធនធាននិងកម្លាំងជាច្រើនដើម្បីជួយដល់សង្គមជាហូរហែ។ ក្រៅពីនោះ លោកជំទាវទាំង ពីររូប ក៏ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាសហគ្រិនឆ្នើម និងមានពហុមុខជំនួញនៅក្នុងដៃថែមទៀតផង។

ក្នុងនោះ ក៏មានក្រុមហ៊ុន ASPOR Electronics និងក្រុមហ៊ុន Bnature ដែលទើបសហការគ្នានាំចូលផលិតផល SS3 Virgin serum ដែលជាផលិផលស្តង់ដាររបស់ប្រទេសជប៉ុន ដែលពេលនេះកំពុងតែទទួលបានការគាំទ្រជាច្រើនពីអតិថិជនក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕













សង្គម
វេទិកាចែករំលែកបទពិសោធន៍ចម្រុះ WE Light Up Talk
ភ្នំពេញ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្មវិធី WE Light Up Talk រៀបចំដោយក្រុមយុវទូតនៃគម្រោងសហគ្រិននារីសកម្ម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ» បានប្រព្រឹត្តទៅនៅអាគារ The Kampus ដោយទទួលបានការគាំទ្រពី USAID ក្រោមគម្រោងសហគ្រិននារីសកម្ម WE Act នៃអង្គការផេកកម្ពុជា សហការជាមួយអង្គការជា ដៃគូ ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជននានា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបាន ។

ជាភាពជោគជ័យនៅក្នុងកម្មវិធី WE Light Up Talk គឺការចូលរួមលើសពីការរំពឹងទុករហូតដល់ ៤៩០នាក់ ពីសំណាក់សាធារណជន ដែលនៅក្នុងនោះក៏មានវត្តមានរបស់ថ្នាក់ដឹកនាំ ឯកឧត្តមសំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតជននិងយុវនីតិសម្បទា លោក Sudila De Silva អ្នកតំណាង USAID ព្រមទាំងភ្ញៀវកិត្តិយសដែលជា Influencers នៅក្នុងបណ្តាញសង្គម យុវជនតំណាងមកពីស្ថាប័នដៃគូ និងយុវជនដែលមកពីសហគមន៍ចម្រុះផងដែរ។

លោកស្រី ប៉េង ឡូឌី អនុប្រធាន គម្រោងសហគ្រិននារីសកម្ម នៃអង្គការផេកកម្ពុជា បានមានប្រសាសន៍ថា «យើងជឿជាក់ថា ប្រសិនបើស្ត្រី និង យុវជនមកពីសហគមន៍ចម្រុះ ជាពិសេសក្រុមដែលងាយរងគ្រោះ ពួកគាត់មានឱកាសចូលរួមកម្មវិធីការនិយាយជាសាធារណៈ ដែលមានវាគ្មិនមកពីសហគមន៍ចម្រុះឡើងមកចែករំលែកបទពិសោធន៍ដែលពួកគាត់បានឆ្លងកាត់ នោះក្រុមយុវជនទាំងនោះ ពួកគេនឹងអាចចាប់ផ្តើមទទួលយកការពិតជាខ្លួនឯង ហ៊ានប្រឈមមុខនឹងឧបសគ្គដែលពួកគេបានជួបប្រទះ បើកចំហរក្នុងការចែករំលែកបទពិសោធន៍ ព្រមទាំងផ្លាស់ប្តូរការគិតទៅជារឿងវិជ្ជមាន។ ជាពិសេស ពួកគេនឹងអាចផ្លាស់ ប្តូរជីវិតរបស់ពួកគេ តាមរយៈការរៀនសូត្របន្ថែមពីយុវជនដទៃ ការបង្កើតបណ្តាញទំនាក់ទំនង និងចាប់ផ្តើមសកម្មក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែល្អប្រសើរ។
កម្មវិធី WE Light Up Talk មានវត្តមានរបស់វាគ្មិនកិត្តិយសចំនួន ០៤រូប ដែលជាអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិច អ្នកស្រលាញ់ភេទដូចគ្នា ជនមានពិការភាព និងយុវជនទូទៅ ដែលគាត់បានឡើងមកធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ផ្តល់លទ្ធភាពដល់យុវជនក្នុងការបង្ហាញភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពួកគាត់នៅក្នុងសង្គម ហើយអ្វីដែលកាន់តែពិសេស ក៏មានការប្រគុំតន្រ្តីពីសំណាក់សិល្បករវ័យក្មេងក្រុមស៣ និងការសម្តែងរបាំសហសម័យក្រុម SilverBelle ព្រមទាំងមានការដើរទស្សនាតាមស្តង់របស់ម្ចាស់ឧត្ថម្ភកម្មវិធី ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ផងដែរ។

កម្មវិធី WE Light Up Talk បានផ្តល់ឱកាសដល់យុវជនមកពីសហគមន៍ចម្រុះអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជន ដើម្បីបំផុសគំនិតអ្នកចូលរួមទទួលបានការលើកទឹកចិត្ត ពួកគេរកឃើញភាពជាខ្លួនឯង ថែមទាំងអាចផ្លាស់ប្ដូរបាននូវផ្នត់គំនិតក្រោមភាពជាអ្នកដឹកនាំរបស់ពួកគេ ដើម្បីរស់នៅក្នុងជីវិតដែលពួកគេជ្រើសរើស។
តាមការសង្កេត កម្មវិធី WE Light Up Talk ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកចូលរួម អង្គការជាដៃគូ និងសំណាក់អ្នកឧបត្ថម្ភកម្មវិធី ដែលនេះជាភាពជោគជ័យដ៏ធំធេងសម្រាប់ក្រុមយុវទូតដែលរៀបចំកម្មវិធីនេះឡើង ហើយយើងរំពឹងទុកថានឹងមាន WE Light Up Talk រដូវកាលទី២ ដើម្បីឱ្យយុវជនមានឱកាសចូលរួមកម្មវិធីដែលមានអ្នកចូលរួមមកពីមជ្ឈដ្ឋានចម្រុះបែបនេះឱ្យបានកាន់តែច្រើន៕






