សង្គម

សម្តេចតេជោ​ ហ៊ុន សែន ចោទសួរបែបនេះ ក្រោយឃើញ ឯកឧត្តម ហ៊ុន ជា បង្ហោះរូបភាពជាមួយនឹងស្ត្រីម្នាក់

BY
Naren
January 2, 2023

(ភ្នំពេញ)៖ សម្តេចតេជោ​ ហ៊ុន សែន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ បានមានប្រសាសន៍តាមទំព័រហ្វេសបុក ចោទសួរ ឯកឧត្តម ហ៊ុន ជា ក្រោយពីមានការបង្ហោះរូបភាពជាមួយនឹងស្ត្រីម្នាក់ ដោយសម្តេចតេជោ អះអាងថាការសាកសួរបែបនេះ ដើម្បីដឹងច្បាស់​​តើជាប្រពន្ធ​ស្របច្បាប់​ ឬក៏យ៉ាងណា។

សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍តាមទំព័រហ្វេសបុកផ្ទាល់ខ្លួន កាលពីល្ងាចថ្ងៃទី១ ខែមក ឆ្នាំ២០២២ ថា «​ល្ងាចនេះ​ឃើញហ្វេសបុក ហ៊ុន ជា បង្ហោះ រូបថតជាមួយស្រីម្នាក់ ដែលខ្ញុំចូលទៅសួរជាប្រពន្ធ ហ៊ុន ជា ឬជាស្រីហ៊ុន ជា? ពុំមាន​ចម្លើយ​ណាមួយជាក់លាក់ទេ រាប់ទាំង ហ៊ុន ជា ក៏មិនចេញមកបំភ្លឺដែរ។ ដើម្បីដឹងច្បាស់ តើជាប្រពន្ធស្របច្បាប់ ឬជាស្រីយកប្តីគេ​ខ្ញុំបង្ខំ​ចិត្ត​ប្រើផេកផ្លូវការរបស់ខ្ញុំ ដើម្បីសួរបញ្ជាក់ទៅ ហ៊ុន ជា ទើបច្បាស់»។

«រឿងដែលគួរឱ្យឆ្ងល់គឺ កាលពីឆ្នាំ១៩៩៥ ស្រឡាញ់កូនក្រមុំគេដែលជាប្រពន្ធដើម។ ម្តាយគេមិនឱ្យ ហ៊ុន ជា ចាប់ជំរត់ទៅកំពង់ចាមហើយជាប់ឃុំនៅទីនោះ។ ខ្ញុំជាឪពុកមាត្រូវសម្រួលជាមួយម្តាយនិងគ្រួសារខាងស្រីកុំឲ្យគេប្តឹងនិងសុំឲ្យបានរៀបការ។ គ្រួសារខាងស្រីយោគយល់ព្រមឲ្យរៀបការដែលខ្ញុំចេញចំណាយរៀបការឲ្យក្មួយ។ ស្រាប់តែមិនឃើញប្រពន្ធដែលរៀបការពេញច្បាប់បែជាចេញស្រីផ្សេងទាំងប្រពន្ធដើមនិងកូនត្រូវរស់យ៉ាងឈឺចាប់ទៅវិញ។ ខ្ញុំនៅតែទទួលស្គាល់ក្មួយប្រសារដែលរៀបការពេញច្បាប់ដែលតាមស្រាវជ្រាវមិនមានការលេងលះគ្នាទេ។ ច្បាប់យើងប្តីមួយប្រពន្ធមួយ។ ឃើញហ្វេសបុកស្រីនោះក៍បង្ហោះរូបថតដូច ហ៊ុន ជាដែរតើនាងចង់ឲ្យ ហ៊ុន ជា អស់ផ្កាយពីស្មាមែនទេ?។ ខ្ញុំមានសិទ្ធឈឺឆ្អាលព្រោះខ្ញុំចង់ថែទាំត្រកូលហ៊ុន»៕

Share This Post: