អន្តរជាតិ

រដ្ឋាភិបាលបែលហ្ស៊ិក ប្រកាសនឹងធ្វើតេស្តទឹកសំណល់ពីយន្តហោះមកពីចិន ដើម្បីរកមើលវ៉ារ៉្យង់ថ្មីនៃជំងឺកូវីដ១៩

BY
autoadmin
January 3, 2023

រដ្ឋាភិបាលបែលហ្ស៊ិក កាលពីថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ បានប្រកាសថា ខ្លួននឹងធ្វើតេស្តទឹកសំណល់ពីយន្តហោះដែលមកពីប្រទេសចិន ដើម្បីពិនិត្យរកវ៉ារ្យ៉ង់ថ្មីនៃជំងឺ COVID-19 ស្របពេលដែលការឆ្លងនៅក្នុងប្រទេសចិនមានការកើនឡើងខ្លាំង។ លោក Steven Van Gucht មកពីវិទ្យាស្ថានសុខភាពសាធារណៈជាតិ Sciensano បានប្រាប់រ៉យទ័រថា៖«ការធ្វើតេស្តនេះនឹងក្លាយជាជំនួយបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ថា ទិន្នន័យដែលយើងទទួលបានពីប្រទេសចិនគឺត្រឹមត្រូវ»។

លោកបាននិយាយថា បែលហ្ស៊ិកដឹងថាអ្នកដំណើរដែលឆ្លងជំងឺ COVID-19 មួយចំនួន ប្រហែលជាមិនប្រើប្រាស់បង្គន់ក្នុងអំឡុងពេលហោះហើរនោះទេ ដូច្នេះហើយវិធានការថ្មីនេះ «គឺមិនមែនសម្រាប់តាមដានមនុស្សនោះទេ ប៉ុន្តែដើម្បីតាមដានដោយឯករាជ្យ នូវអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិន»។ បែលហ្ស៊ិកក៏កំពុងស្នើឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិនឱ្យធ្វើតេស្តជំងឺ COVID-19 ដោយខ្លួនឯង ប្រសិនបើពួកគេបង្ហាញរោគសញ្ញារយៈពេល ៧ ថ្ងៃបន្ទាប់ពីបានមកដល់។

ជាមួយគ្នានេះ រដ្ឋមន្ត្រីសុខាភិបាលបែលហ្ស៊ិក លោក Frank Vandenbroucke ក៏បាននិយាយថា គោលនយោបាយទូទាំងសហភាពអឺរ៉ុប គឺចាំបាច់សម្រាប់ការកើនឡើងនៃជំងឺ COVID-19 នៅប្រទេសចិន។ មន្ត្រីសុខាភិបាលសហភាពអឺរ៉ុបនឹងធ្វើកិច្ចពិភាក្សានៅថ្ងៃពុធនេះ លើការឆ្លើយតបចំពោះបញ្ហានេះ។ អាជ្ញាធរជុំវិញពិភពលោកកំពុងដាក់ ឬពិចារណាលើការទប់ស្កាត់អ្នកដំណើរមកពីចិន រួមទាំងការធ្វើតេស្តជាចាំបាច់សម្រាប់ជំងឺ COVID-19 ដោយសារការឆ្លងនៅទីនោះបានរីករាលដាលយ៉ាងខ្លាំង ក្រោយរដ្ឋាភិបាលចិនរបន្ធូរបន្ថយច្បាប់ «zero-COVID»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: