មិនធម្មតាឡើយ! ចង់ជិះតែម្តង ពេលតែដឹងពីលក្ខណៈសម្បត្តិរបស់រថភ្លើងស៊េរីថ្មីទើបមកដល់ក្តៅៗ
- January 15, 2019
កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ រថភ្លើងស៊េរីទំនើបរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railways) របស់អ្នកឧកញ៉ា គិត ម៉េង បានដឹកពីប្រទេសម៉ិកស៊ិក មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ។ រថភ្លើង Tramway ស៊េរីទំនើបចំនួន៣គ្រឿង ត្រូវបានក្រុមហ៊ុន Royal Railway Cambodia ធ្វើការបញ្ជាទិញពីប្រទេសម៉ិកស៊ិក ដើម្បីសម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រោះថា រថភ្លើងទាំង៣គ្រឿងនេះ មានភាពទំនើបជាងរថភ្លើង ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយរត់បានល្បឿនលឿនពោលចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
យោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា រថភ្លើងថ្មី ដែលទើបនឹងមកដល់នេះមានមុខងារសំខាន់ជាច្រើនដូចជា៖
» ផ្ទុកមនុស្សបាន ៥៦នាក់
» មានម៉ាស៊ីនត្រជាក់
» កៅអីអង្គុយធំទូលាយ
» មានបំពាក់ប្រព័ន្ធ Wi-Fi
» ប្រព័ន្ធហ្វ្រាំងចាប់បានលឿន រហ័ស
» បង្កើនល្បឿនបានលឿន ដល់ ៨០-៩០គម/ម៉
» មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ
» មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោល មិនរលាក់
» ប្រតិបត្តិការអាចបញ្ជាបានទាំងសងខាង
» មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថភ្លើង
» បង្គន់អនាម័យ
ក្រសួងបានឲ្យដឹងផងដែរថា រថភ្លើងប្រភេទថ្មីនេះបច្ចុប្បន្នកំពុងធ្វើការត្រួតពិនិត្យនូវអនុលោមភាពបច្ចេកទេស ដេីម្បីត្រៀមដាក់ដំណេីរការនាពេលដ៏ខ្លីខាងមុខនេះ។ សម្រាប់ខ្សែរត់ពីណាទៅណា? ដាក់ដំណេីរការពេលណា? ក្រសួងនឹងធ្វើការប្រកាសនៅតាមក្រោយ៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
- Share This Post:











