សភាតំណាងរាស្ត្រអាមេរិកមិនអាចបោះឆ្នោតរកប្រធានថ្មីបាន ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ១០០ ឆ្នាំរបស់ខ្លួន
- BY
- autoadmin
- January 4, 2023
សភាតំណាងរាស្រ្តអាមេរិក បានបរាជ័យក្នុងការជ្រើសរើសប្រធានថ្មីតាមរយៈការបោះឆ្នោត ជាលើកដំបូងបំផុតនៅក្នុងរយៈពេល ១០០ ឆ្នាំ។ រំលឹកដែរថា គណបក្សសាធារណរដ្ឋបានឈ្នះសំឡេងភាគច្រើននៅក្នុងសភា បន្ទាប់ពីការបោះឆ្នោតក្នុងខែវិច្ឆិកា ហើយសម័យប្រជុំថ្មីនៅថ្ងៃអង្គារនេះ ក៏នឹងត្រូវពន្យារពេលទៅពេលក្រោយទៀត។ សមាជិកសភាជាន់ខ្ពស់របស់បក្សសាធារណរដ្ឋ លោក Kevin McCarthy ធ្លាប់ត្រូវបានគេមើលឃើញថា ជាអ្នកមានការគាំទ្រច្រើនជាងគេក្នុងបក្ស ប៉ុន្តែលោកបានធ្លាក់សំឡេងភាគច្រើននៅក្នុងសន្លឹកឆ្នោតដំបូង បន្ទាប់ពីបរាជ័យក្នុងការទទួលបានការគាំទ្រពីសមាជិក និងតំណាងគណបក្សសាធារណរដ្ឋផ្សេងទៀត។

គាត់ក៏បានបរាជ័យក្នុងការបោះឆ្នោត ២ជុំ បន្តបន្ទាប់ទៀតផងដែរ ដូច្នេះការបោះឆ្នោតលើកក្រោយនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ ឬពេលក្រោយៗទៀត។ ជម្រាបដែរថា ដើម្បីក្លាយជាប្រធានសភា បេក្ខជនមួយត្រូវទទួលបានសម្លេងឆ្នោតច្រើនជាងពាក់កណ្តាលនៃចំនួនអ្នកតំណាងទាំង ៤៣៥ នាក់ របស់សភា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា ការបោះឆ្នោតនៅថ្ងៃអង្គារនេះ គឺជាលើកទី១ ក្នុងរយ:ពេលមួយសតវត្ស ដែលបេក្ខភាពប្រធានសភាបានបរាជ័យក្នុងការឈ្នះឆ្នោត។ ការបោះឆ្នោតនេះក៏បង្ហាញពីការបែកបាក់គ្នានៅក្នុងគណបក្សសាធារណៈរដ្ឋ នៅពេលដែលពួកគេត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីនឹងប្រឈមមុខនឹងរដ្ឋបាលលោក បៃដិន នៅពេលដែលការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នឹងខិតជិតមកដល់៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






