សង្គម
ស្រណោះណាស់! កុមារីពិការដៃម្នាក់មានជីវភាពក្រខ្សត់ គ្មានសម្ភារសិក្សាគ្រប់គ្រាន់ នៅតែប្រឹងមករៀនសូត្រ (មានវីដេអូ)
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ វត្តភ្នំរាប ទឹកដីទល់ដែនវៀតណាម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានបង្ហោះវិដេអូពីប្អូនស្រីពិការដៃទាំងសងខាងម្នាក់ ទើបឡើងថ្នាក់ទី៧ ដែលមានជីវភាពក្រលំបាក តែមិនបោះបង់ការសិក្សាចោល នៅតែប្រឹងមករៀនសូត្រ ត្រូវបានលោកគ្រូ អ្នកគ្រូ នៅក្នុងសាលាបានជួយជាថវិកា សម្រាប់ទិញខោអាវ និងសម្ភារសិក្សាផ្សេងៗទៅដល់ប្អូនស្រី។

នៅក្នុងវិដេអូនោះផងដែរ ក៏ឃើញមានអ្នកបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនពាន់នាក់ បានចែករំលែក និងចូលរួមអាណិតអាសូរជាខ្លាំងចំពោះប្អូនស្រីពិការដៃទាំងសងពីកំណើត ក៏សូមឱ្យសម្បុរជនជួយចែករំលែក ចែកទាន ក្ដីស្រលាញ់ដល់ប្អូនស្រីក្រខ្សត់ ដើម្បីឱ្យប្អូនស្រីប្រឹងប្រែងតស៊ូរៀនសូត្រតទៅមុខទៀត ៕ ទស្សនាវិដែអូខាងក្រោម៖
សង្គម
សហគ្រិនស្ត្រីឆ្នើមពីររូប ទទួលគ្រឿងឥស្សរិយយសព្រមគ្នាពីព្រះមហាក្សត្រ
សហគ្រិនស្ត្រីឆ្នើមកម្ពុជាពីររូប ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា សព្វព្រះហរទ័យ ព្រះរាជទានគ្រឿងឥស្សរិយយសចំនួន២ ព្រមគ្នា ក្នុងពេលតែមួយ។

ក្នុងនោះលោកជុំទាវ ខូវ សុខលាង អគ្គនាយិការក្រុមហ៊ុន ASPOR Electronic co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេរីវឌ្ឍន៍ និង លោកជុំទាវ រស់ សុភ័ក្រ អគ្គនាយិការក្រុមហ៊ុន Bnature import export co.,ltd ទទួលបានមេដាយ សុវត្ថារាថ្នាក់ មហាសេនា។

លោកជំទាវទាំងពីរក៏ជាសប្បុរសជនដែលតែជួយបរិច្ចាគ ថវិការ ធនធាននិងកម្លាំងជាច្រើនដើម្បីជួយដល់សង្គមជាហូរហែ។ ក្រៅពីនោះ លោកជំទាវទាំង ពីររូប ក៏ត្រូវបានមហាជនស្គាល់ច្បាស់ថា ជាសហគ្រិនឆ្នើម និងមានពហុមុខជំនួញនៅក្នុងដៃថែមទៀតផង។

ក្នុងនោះ ក៏មានក្រុមហ៊ុន ASPOR Electronics និងក្រុមហ៊ុន Bnature ដែលទើបសហការគ្នានាំចូលផលិតផល SS3 Virgin serum ដែលជាផលិផលស្តង់ដាររបស់ប្រទេសជប៉ុន ដែលពេលនេះកំពុងតែទទួលបានការគាំទ្រជាច្រើនពីអតិថិជនក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕













សង្គម
ខ្លោចចិត្ត! ឪពុកម្តាយមកទទួលសញ្ញាបត្រជំនួសកូន ក្រោយកូនប្រុសបានលាចាកលោកមុនថ្ងៃទទួលសញ្ញាបត្រ
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវគួរឱ្យខ្លោចចិត្តជាពន់ពេក ក្រោយឪពុកម្តាយរបស់និស្សិតមួយរូប បានមកទទួលសញ្ញាបត្រជំនួសកូនប្រុសជាទីស្រឡាញ់ដែលបានទទួលមរណភាពដោយសារតែឆក់ខ្សែភ្លើង។ ហេតុការណ៍នេះកើតឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យស្វាយរៀង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sam Thavy បានសរសេររៀបរាប់ថា៖ «វាជាអារម្មណ៍ខ្លោចផ្សាសោកសង្រែងបំផុតប្រសិនបើអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍មួយនេះ គឺនៅពេលដែលឪពុកម្តាយ និស្សិត និងជាយុវជនស្ម័គ្រចិត្តអង្គរសង្រ្កាន្តឈរជើងនៅគោលដៅលានជល់ដំរីមកទទួលសញ្ញាបត្ររបស់កូនប្រុសជាទីស្រឡាញ់។ ជានិស្សិតដែលរៀនពូកែចំណាត់ថ្នាក់លេខ១ ថ្នាក់គណិតវិទ្យា ស្លូតបូត តស៊ូរៀនសូត្រ ទោះបីជីវភាពលំបាកយ៉ាងណាក្តី។ ជាតិនេះសន្ធា អាយុខ្លីចាកចេញទៅដោយបន្សល់ទុកនូវអំពើល្អជាច្រើន ជាតិក្រោយសូមប្អូនអាយុវែង ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ គ្រប់គ្នាស្រក់ទឹកភ្នែក ខ្ញុំនឹកគ្រប់អនុស្សាវរីយ៍ដែលដឹកនាំនិងរួមការងារជាមួយសន្ធាមិនថាការងារសង្ក្រាន្ត ឬការងារនៅសាកលវិទ្យាល័យស្វាយរៀង។ ធាអើយ កូនអើយគេមកទទួលទាំងអស់បាត់តែកូនម៉ែ កូនអើយម៉ែមកទទួលសញ្ញាបត្រឲ្យកូនហើយ ម៉ែនឹងយកទៅធ្វើបុណ្យដាក់វាឲ្យកូន ធាអើយ»។
ក្នុងនោះលោកគ្រូ Sam Ath Houy ក៏បានបង្ហោះសារថា «ឪពុកម្តាយមកទទួលសញ្ញាបត្រជំនួសកូនអនិច្ចាសង្ខារមិនទៀង។ អ្នកមានគុណទាំងទ្វេតស៊ូឱ្យកូនបានរៀនចប់ដោយជោគជ័យ ប៉ុន្តែមច្ចុរាជបានមកយកជីវិតកូនមុនថ្ងៃទទួលសញ្ញាបត្រ ទុកឱ្យឪពុកម្តាយទួញយំស្រណោះកូនពន់ពេក។ ទំនួញម្តាយ៖ កូនអើយ ម៉ែមកទទួលសញ្ញាបត្រជូនកូនហើយ»៕





សង្គម
វេទិកាចែករំលែកបទពិសោធន៍ចម្រុះ WE Light Up Talk
ភ្នំពេញ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កម្មវិធី WE Light Up Talk រៀបចំដោយក្រុមយុវទូតនៃគម្រោងសហគ្រិននារីសកម្ម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ» បានប្រព្រឹត្តទៅនៅអាគារ The Kampus ដោយទទួលបានការគាំទ្រពី USAID ក្រោមគម្រោងសហគ្រិននារីសកម្ម WE Act នៃអង្គការផេកកម្ពុជា សហការជាមួយអង្គការជា ដៃគូ ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជននានា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបាន ។

ជាភាពជោគជ័យនៅក្នុងកម្មវិធី WE Light Up Talk គឺការចូលរួមលើសពីការរំពឹងទុករហូតដល់ ៤៩០នាក់ ពីសំណាក់សាធារណជន ដែលនៅក្នុងនោះក៏មានវត្តមានរបស់ថ្នាក់ដឹកនាំ ឯកឧត្តមសំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិកាក្រសួងសង្គមកិច្ច អតីតជននិងយុវនីតិសម្បទា លោក Sudila De Silva អ្នកតំណាង USAID ព្រមទាំងភ្ញៀវកិត្តិយសដែលជា Influencers នៅក្នុងបណ្តាញសង្គម យុវជនតំណាងមកពីស្ថាប័នដៃគូ និងយុវជនដែលមកពីសហគមន៍ចម្រុះផងដែរ។

លោកស្រី ប៉េង ឡូឌី អនុប្រធាន គម្រោងសហគ្រិននារីសកម្ម នៃអង្គការផេកកម្ពុជា បានមានប្រសាសន៍ថា «យើងជឿជាក់ថា ប្រសិនបើស្ត្រី និង យុវជនមកពីសហគមន៍ចម្រុះ ជាពិសេសក្រុមដែលងាយរងគ្រោះ ពួកគាត់មានឱកាសចូលរួមកម្មវិធីការនិយាយជាសាធារណៈ ដែលមានវាគ្មិនមកពីសហគមន៍ចម្រុះឡើងមកចែករំលែកបទពិសោធន៍ដែលពួកគាត់បានឆ្លងកាត់ នោះក្រុមយុវជនទាំងនោះ ពួកគេនឹងអាចចាប់ផ្តើមទទួលយកការពិតជាខ្លួនឯង ហ៊ានប្រឈមមុខនឹងឧបសគ្គដែលពួកគេបានជួបប្រទះ បើកចំហរក្នុងការចែករំលែកបទពិសោធន៍ ព្រមទាំងផ្លាស់ប្តូរការគិតទៅជារឿងវិជ្ជមាន។ ជាពិសេស ពួកគេនឹងអាចផ្លាស់ ប្តូរជីវិតរបស់ពួកគេ តាមរយៈការរៀនសូត្របន្ថែមពីយុវជនដទៃ ការបង្កើតបណ្តាញទំនាក់ទំនង និងចាប់ផ្តើមសកម្មក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែល្អប្រសើរ។
កម្មវិធី WE Light Up Talk មានវត្តមានរបស់វាគ្មិនកិត្តិយសចំនួន ០៤រូប ដែលជាអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិច អ្នកស្រលាញ់ភេទដូចគ្នា ជនមានពិការភាព និងយុវជនទូទៅ ដែលគាត់បានឡើងមកធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ផ្តល់លទ្ធភាពដល់យុវជនក្នុងការបង្ហាញភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពួកគាត់នៅក្នុងសង្គម ហើយអ្វីដែលកាន់តែពិសេស ក៏មានការប្រគុំតន្រ្តីពីសំណាក់សិល្បករវ័យក្មេងក្រុមស៣ និងការសម្តែងរបាំសហសម័យក្រុម SilverBelle ព្រមទាំងមានការដើរទស្សនាតាមស្តង់របស់ម្ចាស់ឧត្ថម្ភកម្មវិធី ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ផងដែរ។

កម្មវិធី WE Light Up Talk បានផ្តល់ឱកាសដល់យុវជនមកពីសហគមន៍ចម្រុះអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជន ដើម្បីបំផុសគំនិតអ្នកចូលរួមទទួលបានការលើកទឹកចិត្ត ពួកគេរកឃើញភាពជាខ្លួនឯង ថែមទាំងអាចផ្លាស់ប្ដូរបាននូវផ្នត់គំនិតក្រោមភាពជាអ្នកដឹកនាំរបស់ពួកគេ ដើម្បីរស់នៅក្នុងជីវិតដែលពួកគេជ្រើសរើស។
តាមការសង្កេត កម្មវិធី WE Light Up Talk ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកចូលរួម អង្គការជាដៃគូ និងសំណាក់អ្នកឧបត្ថម្ភកម្មវិធី ដែលនេះជាភាពជោគជ័យដ៏ធំធេងសម្រាប់ក្រុមយុវទូតដែលរៀបចំកម្មវិធីនេះឡើង ហើយយើងរំពឹងទុកថានឹងមាន WE Light Up Talk រដូវកាលទី២ ដើម្បីឱ្យយុវជនមានឱកាសចូលរួមកម្មវិធីដែលមានអ្នកចូលរួមមកពីមជ្ឈដ្ឋានចម្រុះបែបនេះឱ្យបានកាន់តែច្រើន៕






