រុស្ស៊ីអះអាងថាបានវាយប្រហារលើបន្ទាយទាហានអ៊ុយក្រែន ដែលបានឆក់យកជីវិតមនុស្សចំនួន ៦០០នាក់
- BY
- autoadmin
- January 9, 2023
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារដ៏សាហាវនៅភាគខាងកើតអ៊ុយក្រែន ដែលបានសម្លាប់ទាហានអ៊ុយក្រែនជាង ៦០០នាក់ ប៉ុន្តែអ៊ុយក្រែនបានបដិសេធការអះអាងនេះ។ កងកម្លាំងរុស្ស៊ីបានបន្តការវាយប្រហាររបស់ពួកគេ បើទោះបីជាប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ប្រកាសបទឈប់បាញ់រយៈពេល ៣៦ ម៉ោង សម្រាប់ឱកាសបុណ្យណូអែលគ្រិស្តអូស្សូដក់ក៏ដោយ។ លោក Pavlo Kyrylenko អភិបាលនៃតំបន់ Donetsk បាននិយាយថា សាលារៀន និងអគារផ្ទះល្វែងក្នុងទីក្រុង Kramatorsk ត្រូវបានខូចខាតដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតរុស្ស៊ី មុនពេលបទឈប់បាញ់ដែលបានប្រកាសជាឯកតោភាគីបានបញ្ចប់។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានរបស់ខ្លួននៅជួរមុខបានទទួលដំណឹងពីបទឈប់បាញ់ ហើយពួកគេគ្រាន់តែឆ្លើយតបទៅនឹងការវាយប្រហារដោយកាំភ្លើងធំម្តងហើយម្តងទៀតរបស់អ៊ុយក្រែនប៉ុណ្ណោះ។ ក្រសួងក៏បានអះអាងដែរថា កងកម្លាំងរុស្ស៊ីបានវាយប្រហារបន្ទាយមួយក្នុងក្រុង Kramatorsk ដែលមានទាហានអ៊ុយក្រែននៅទីនោះ និងបណ្ដាលឱ្យមានមនុស្សជាង ៦០០ នាក់ស្លាប់។ ក្រសួងបានហៅការវាយប្រហារនេះថាជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវរបស់អ៊ុយក្រែនកាលពីមួយសប្តាហ៍មុន ទៅលើបន្ទាយរុស្ស៊ីនៅ Makiivka ដែលជាផ្នែកមួយនៃតំបន់ Donetsk ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






