លោកយាយអាយុ ៧៦ ឆ្នាំ រៀបការជាមួយលោកតាអាយុ ៨០ ឆ្នាំ ដើម្បីសម្រេចក្តីស្រម៉ៃចុងក្រោយនៃជីវិតរបស់គាត់ (មានវីដេអូ)
ម៉ាឡេស៊ី លោកយាយអាយុ ៧៦ ឆ្នាំម្នាក់សម្រេចចិត្តរៀបការជាមួយនឹងមិត្តប្រុសរបស់គាត់ ដែលមានអាយុ ៨០ ឆ្នាំ ដើម្បីបង្ហាញថា ក្តីស្រលាញ់របស់ពួកគាត់ពិតជាជ្រាលជ្រៅ ស្នោះស្ម័គ្រនឹងគ្នា ហើយអាយុមិនមែនជាឧបសគ្គក្នុងការរៀបការរបស់ពួគគាត់ទាំងពីរនាក់នោះទេ។ អាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែមនេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុង Kuching រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។ ពិធីមង្គលការនេះត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវតាមបែបអឺរ៉ុប និងមានអ្នកចូលរួមជាច្រើននាក់ផងដែរ ជាពិសេសគឺក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យខាងលើនេះតែម្តង។
តាមការពិតទៅពួកគាត់បានស្រលាញ់ និងរស់នៅជាមួយគ្នាអស់រយៈពេលយូរមកហើយតែមិនទាន់បានរៀបការទាល់តែសោះ ហើយការរៀបការនេះគឺជាក្តីស្រម៉ៃរួមមួយរបស់គាត់ ដែលពួកគាត់មិនទាន់បានធ្វើឡើង។ រហូតមកទល់នឹងពេលនេះលោកយាយបានកើតជំងឺមហារីកកម្រិតទី ៤ ទៅហើយ ដូចនេះពួកគេគាត់ក៏សម្រេចរៀបចំពិធីនេះឡើង ដើម្បីបង្ហាញសេចក្តីស្រលាញ់មិនប្រែប្រួលរបស់គាត់ មុនពេលដែលលោកយាយអាចនឹងស្លាប់ដោយជំងឺមហារីកនៅពេលដ៏ខ្លីខាងមុខ៕

https://www.facebook.com/UtusanBorneoOnline/videos/629094270854042/
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz