ពេទ្យជាង ៧០០០នាក់ នៅក្នុងទីក្រុងញូវយ៉កបានចេញមកធ្វើកូដកម្ម ដើម្បីតវ៉ាឱ្យមានការបន្ថែមកម្លាំងពលកម្ម និងប្រាក់ឈ្នួល
- BY
- autoadmin
- January 11, 2023
បុគ្គលិកពេទ្យជាង ៧០០០នាក់ មកពីមន្ទីរពេទ្យធំៗចំនួន ២ នៅក្នុងទីក្រុងញូវយ៉កបានបន្តធ្វើកូដកម្មរបស់ពួកគេ ដើម្បីតវ៉ានូវអ្វីដែលពួកគេហៅថា «លក្ខខណ្ឌការងារមិនយុត្តិធម៌» ខណៈកូដកម្មនោះបានចាប់ផ្តើមតាំងតែពីថ្ងៃចន្ទមកម្ល៉េះ។ ពួកគេនិយាយថា អ្នកគ្រប់គ្រងមិនបានជួលបុគ្គលិកឱ្យគ្រប់គ្រាន់ ដើម្បីរក្សាបន្ទុកការងាររបស់ពួកគេនោះទេ ហើយពួកគេក៏ចង់ឱ្យប្រាក់ឈ្នួលសមស្រប ដែលអាចឆ្លើយតបនឹងបញ្ហាលុយហើម (អតិផរណា) ផងដែរ។ យ៉ាងណាក៏ដោយ ពួកគេបាននិយាយថា ការតស៊ូរបស់ពួកគេគឺលើសពីប្រាក់ឈ្នួល។

ប្រធានសមាគមគិលានុបដ្ឋាយិកានៃរដ្ឋញូវយ៉ក លោកស្រី Nancy Hagans បាននិយាយថា ពេទ្យជ្រើសយកការមើលថែអ្នកជំងឺរបស់ពួកគេ ប៉ុន្តែក្នុងរបៀបដែលមានសុវត្ថិភាព មិនមែនលក្ខខណ្ឌដូចដែលពួកគេធ្វើការក្នុងរយៈពេល ៥ ឬ១០ឆ្នាំ កន្លងមកនេះទេ។ ជម្រាបដែរថា វេជ្ជបណ្ឌិតនៅទីក្រុងញូវយ៉កឥឡូវនេះ កំពុងធ្វើការជាមួយនឹងគិលានុបដ្ឋាយិកាបណ្តោះអាសន្ន ដើម្បីរ៉ាប់រងការខ្វះខាតទាំងអស់នេះ។ បុគ្គលិកពេទ្យជាច្រើនផ្សេងទៀតបង្ខំចិត្តបើកដំណើរការសេវាកម្ម ទាំងដែលពួកគេមិនគួរទទួលអ្នកជំងឺនោះឡើយ។ ដូច្នេះហើយ មនុស្សជាច្រើនមានការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពអ្នកជំងឺ ភាពតានតឹង និងបន្ទុកជាច្រើនទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ New York Times
- Share This Post:






