មកស្គាល់លិខិតឆ្លងដែនល្អបំផុតទាំង ១០ របស់ពិភពលោក ខណៈប្រទេសក្នុងអាស៊ីចំនួន ៣ ឈរលើកំពូលតារាង
- BY
- autoadmin
- January 11, 2023
យោងតាមរបាយការណ៍ប្រចាំត្រីមាសថ្មី ដែលចេញផ្សាយដោយក្រុមហ៊ុនផ្តល់ប្រឹក្សាអំពីលំនៅឋាន និងសញ្ជាតិសកល ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Henley Passport Index បានឱ្យដឹងថា លិខិតឆ្លងដែនរបស់ប្រទេសក្នុងអាស៊ីចំនួន ៣ បានឈរនៅកំពូលតារាង «លិខិតឆ្លងដែនល្អបំផុតឆ្នាំ២០២៣» ដោយសារវាផ្តល់នូវសេរីភាពធ្វើដំណើរជាសកល បានច្រើនជាងប្រទេសដទៃទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ ជប៉ុនមានលិខិតឆ្លងដែនល្អជាងគេបំផុតពិភពលោក ជាមួយនឹងគោលដៅចំនួន ១៩៣ ប្រទេសនិងដែនដី ដែលតាមពីក្រោយដោយសិង្ហបុរី និងកូរ៉េខាងត្បូង ជាមួយនឹងគោលដៅចំនួន ១៩២ ។

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ទាំង ១០ សម្រាប់ប្រទេសដែលមានលិខិតឆ្លងដែនល្អបំផុតឆ្នាំ២០២៣ និងចំនួនគោលដៅដែលអាចទៅបានដោយមិនចាំបាច់មានទិដ្ឋាការ ដោយសន្ទស្សន៍ជាសកល Henley Passport Index៖
១. ជប៉ុន (១៩៣ គោលដៅ)
២. សិង្ហបុរី, កូរ៉េខាងត្បូង (១៩២ គោលដៅ)
៣. អាល្លឺម៉ង់, អេស្ប៉ាញ (១៩០ គោលដៅ)
៤. ហ្វាំងឡង់, អ៉ីតាលី, លុចសំបួរ (១៨៩ គោលដៅ)
៥. អូទ្រីស, ដាណឺម៉ាក, ហូឡង់, ស៊ុយអែត (១៨៨ គោលដៅ)
៦. បារាំង, អៀរឡង់, ព័រទុយហ្គាល់, ចក្រភពអង់គ្លេស (១៨៧ គោលដៅ)
៧. បែលហ្សិក, នូវែលសេឡង់, ន័រវេស, ស្វីស, សហរដ្ឋអាមេរិក, សាធារណរដ្ឋឆេក (១៨៦ គោលដៅ)
៨. អូស្ត្រាលី, កាណាដា, ក្រិក, ម៉ាល់តា (១៨៥ គោលដៅ)
៩. ហុងគ្រី, ប៉ូឡូញ (១៨៤ គោលដៅ)
១០. លីទុយអានី, ស្លូវ៉ាគី (១៨៣ គោលដៅ)

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






