ទីក្រុងគៀវស្នើសុំមីស៊ីលរយៈចម្ងាយឆ្ងាយ និងរថក្រោះបន្ថែមទៀត ដើម្បីអាចឈ្នះសង្គ្រាមនៅឆ្នាំ២០២៣នេះ
- BY
- autoadmin
- January 12, 2023
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhaylo Podolyak បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែមករា នេះថា អ៊ុយក្រែននឹងអាចឈ្នះសង្រ្គាមនៅឆ្នាំ២០២៣ ប្រសិនបើខ្លួនទទួលបានអាវុធលោកខាងលិចបន្ថែមទៀត ជាពិសេសមីស៊ីលរយៈចម្ងាយឆ្ងាយ និងរថក្រោះធុនធ្ងន់។ លោក Podolyak បាននិយាយថា បើមិនដូច្នេះទេ សង្រ្គាមនឹងអូសបន្លាយជាច្រើនទសវត្សរ៍ ដោយចង្អុលបង្ហាញថា ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមបំផុតកំពុងកើតឡើងនៅភាគខាងកើតអ៊ុយក្រែននៅ Bakhmut និង Soledar ។

គាត់បានប្រាប់នៅក្នុងបទសម្ភាសន៍មួយថា៖«មានតែមីស៊ីលដែលមានចម្ងាយលើសពី ១០០ គីឡូម៉ែត្រប៉ុណ្ណោះ ដែលនឹងអនុញ្ញាតឱ្យយើងបង្កើនល្បឿនយ៉ាងខ្លាំងក្នុងការបញ្ចប់ការកាន់កាប់ទឹកដីរបស់យើង»។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលដល់អ៊ុយក្រែន ដែលមានរយៈចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ដើម្បីជាជំនួយបន្ថែមឱ្យទីក្រុងគៀវ ខណៈអ៊ុយក្រែនក៏ទើបតែទទួលប្រព័ន្ធស្រដៀងគ្នាពីបារាំងនាពេលថ្មីៗនេះដែរ។ ប៉ុន្តែឥឡូវនេះ ខ្លួនកំពុងទទូចកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូនប្រព័ន្ធ ATACMS របស់អាមេរិក ដែលមានចម្ងាយ ៣០០ គីឡូម៉ែត្រ។ ព្រោះប្រព័ន្ធទាំងនេះ នឹងអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនកំណត់គោលដៅលើឃ្លាំងអាវុធរុស្ស៊ី ដែលដាក់ទីតាំងនៅក្នុងទឹកដីអ៊ុយក្រែន ហើយទីតាំងរបស់កម្លាំងរុស្ស៊ីគឺនៅឆ្ងាយពីរយៈចម្ងាយដែលអាវុធទីក្រុងគៀវអាចបាញ់ទៅដល់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






