អន្តរជាតិ

ប្រទេសចិនឈប់ធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដោយនឹងធ្វើការប្រកាសប្រចាំខែវិញ

BY
autoadmin
January 12, 2023

ចំពេលមានការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសចិន អាជ្ញាធរសុខាភិបាលរបស់ចិនមិនបានធ្វើបច្ចុប្បន្នភាពតួលេខប្រចាំថ្ងៃអំពីការឆ្លង និងការស្លាប់នោះទេចាប់តាំងពីថ្ងៃអាទិត្យកន្លងមក បន្ទាប់ពីបានដកចេញជាផ្លូវការនូវគោលនយោបាយ «zero-COVID»។ ពោលគឺ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិន ពីមុនបានបង្ហោះព័ត៌មានថ្មីៗប្រចាំថ្ងៃនៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែក្រោយមកបាននិយាយថា ខ្លួននឹងកែសម្រួលការចេញផ្សាយទិន្នន័យស្របតាមស្ថានភាពនៃមេរោគឆ្លង ដោយនឹងកាត់បន្ថយការប្រកាសមកត្រឹមមួយខែម្តងវិញ។

ការភ័យខ្លាចនៃការឆ្លងរាលដាល និងការលេចឡើងនៃវីរុសថ្មីនៅក្នុងប្រទេសចិនកំពុងកើនឡើង ខណៈពេលដែលមនុស្សចាប់ផ្តើមត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ នៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមករា។ នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក Michael Ryan កាលពីថ្ងៃពុធ បានប្រាប់អ្នកយកព័ត៌មានថា៖«យើងនៅតែជឿថា ការស្លាប់ត្រូវបានរាយការណ៍តិចតួចពីប្រទេសចិន។ ហើយនេះគឺទាក់ទងទៅនឹងនិយមន័យដែលត្រូវបានប្រើ»។

នៅពេលសួរអំពីប្រទេសដែលរឹតបន្តឹងច្បាប់ចូលសម្រាប់ការមកដល់ពីប្រទេសចិន លោក Ryan បាននិយាយថា៖«យើងមិនលើកទឹកចិត្តឱ្យមានការរឹតបន្តឹងការធ្វើដំណើរគ្រប់ទីកន្លែងទេ»។ ប៉ុន្តែ​លោក​អាចយល់បាន​ ចំពោះប្រទេស​ដែល​សម្រេច​ចិត្ត​ចាត់​វិធាន​ដោយការ​ប្រុង​ប្រយ័ត្ន​ ដើម្បីទប់ស្កាត់ការផ្ទុះឡើងថ្មីម្ដងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: