ស្ថិតិថ្មីមួយបានបង្ហាញថា ស្ត្រីភាគច្រើននៅកូរ៉េខាងត្បូងនឹងរៀបការនៅពេលពួកគេមានវ័យខ្ទង់ ៣០ឆ្នាំ
- BY
- autoadmin
- January 13, 2023
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលស្ត្រីភាគច្រើននៅប្រទេសកូរ៉េខាងត្បូង នឹងត្រូវរៀបអាពាហ៍ពិពាហ៍នៅពេលពួកគេមានអាយុខ្ទង់ ២០ឆ្នាំ ក៏ប៉ុន្តែឥឡូវនេះស្ថិតិជាច្រើនបានបង្ហាញពីនិន្នាការផ្លាស់ប្តូរថ្មីៗ ដែលវាបានបង្ហាញថា ស្ត្រីដែលរៀបការក្នុងអាយុខ្ទង់ ៣០ឆ្នាំ កំពុងមានប្រៀបជាងពួកគេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Herald ។ យោងតាមស្ថិតិកូរ៉េ (Statistics Korea) ចំនួនស្ត្រីដែលរៀបការជាលើកដំបូងនៅក្នុងវ័យ ៣០ឆ្នាំ មានការកើនឡើងជាងស្ត្រីដែលរៀបការក្នុងវ័យ ២០ឆ្នាំ គិតត្រឹមឆ្នាំ២០២១។ ហើយវាគឺជាលើកដំបូងបំផុតក្នុងរយៈពេល ៣១ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩០ នៅពេលដែលទីភ្នាក់ងារ បានចាប់ផ្តើមចងក្រងទិន្នន័យដែលពាក់ព័ន្ធទាំងនេះ។

នៅក្នុងឆ្នាំ២០២១ ចំនួនអាពាហ៍ពិពាហ៍ដែលបានរាយការណ៍ គឺមានសរុបចំនួន ១៩៣,០០០ គូ ហើយចំនួនស្ត្រីដែលបានរៀបការជាលើកដំបូង មានចំនួន ១៥៧,០០០ នាក់។ ក្នុងនោះគេបានរកឃើញថា ស្ត្រីដែលរៀបការជាលើកដំបូងចំនួន ៧៦,៩០០ នាក់ គឺមានអាយុខ្ទង់ ៣០ឆ្នាំ ដែលស្មើនឹង ៤៩.១% នៃចំនួនសរុបបាត់ទៅហើយ។ ក្រៅពីនោះមានស្ត្រីចំនួន ៧១,២៦៣ នាក់ មានអាយុខ្ទង់ ២០ឆ្នាំ ខណៈស្ត្រីចំនួន ៦,៥៦៤ នាក់ មានអាយុខ្ទង់ ៤០ឆ្នាំ។ បន្ថែមពីនេះ ស្ត្រីចំនួន ៧៩៨ នាក់ ស្ថិតក្នុងវ័យជំទង់នៅឡើយ ខណៈស្ត្រីចំនួន ៧២៤ នាក់ ផ្សេងទៀតមានអាយុខ្ទង់ ៥០ឆ្នាំ។ ចំណែកក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ឯណោះវិញ ចំនួនអាពាហ៍ពិពាហ៍លើកដំបូងសម្រាប់ស្ត្រីក្នុងវ័យ ២០ឆ្នាំ គឺមាន ៣៣៣,០០០ នាក់ ខណៈអាពាហ៍ពិពាហ៍លើកដំបូងសម្រាប់ស្ត្រីក្នុងវ័យ ៣០ឆ្នាំ មានត្រឹមតែ ១៩,០០០ នាក់ ប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Korea Herald
- Share This Post:






