យន្តហោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Go First បានហោះហើរចោលអ្នកដំណើរជាង ៥០ នាក់ ឱ្យជាប់គាំងនៅលើដី
- BY
- autoadmin
- January 13, 2023
និយតករអាកាសចរណ៍របស់ប្រទេសឥណ្ឌា បានធ្វើការស្តីបន្ទោសក្រុមហ៊ុនអាកាសចរណ៍ Go First Airlines សម្រាប់ការចេញយន្តហោះចោលអ្នកដំណើររបស់ខ្លួន នៅក្នុងរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។ ជើងហោះហើរមួយ របស់ក្រុមហ៊ុន Go First (អតីត Go Air) បានហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុង Bengaluru ដោយទុកឱ្យអ្នកដំណើរជាង ៥០នាក់ ដែលមិនទាន់ចុះពីរថយន្តក្រុងរបស់ពួកគេផងនោះ ត្រូវជាប់គាំងមិនអាចចេញដំណើរបាន។ របាយការណ៍និយាយថា អ្នកដំណើរទាំងនោះបានពិនិត្យឥវ៉ាន់ (Check-in) ហើយក៏មានប័ណ្ណឡើងយន្តហោះនៅក្នុងដៃផងដែរ។ យ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។

ក្រុមហ៊ុន Go First បានធ្វើការសុំទោសអ្នកដំណើរទាំងនោះ ខណៈអ្នកមួយចំនួនក៏បានធ្វើការរិះគន់នៅលើបណ្ដាញ Twitter ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បានពន្យល់ ពីអ្វីដែលបណ្តាលឱ្យមានការភ័ន្តច្រឡំនោះទេ។ យន្តហោះត្រូវបានគេដឹងថា មានគោលដៅពីទីក្រុង Bengaluru ទីកាន់ទីក្រុង Delhi និងបានហោះឡើងនៅម៉ោង ៦ និង ២០ នាទី កាលពីថ្ងៃច័ន្ទ ខណៈដែលអ្នកដំណើរមួយរថយន្តក្រុង កំពុងនៅតាមផ្លូវទៅកាន់ជណ្តើរយន្តហោះនៅឡើយ។ លោក Sumit Kumar ដែលជាអ្នកដំណើរម្នាក់ក្នុងចំនោមអ្នកដំណើរទាំងនោះ បានប្រាប់ទូរទស្សន៍ NDTV ថា៖«បុគ្គលិកនៅអាកាសយានដ្ឋានក៏បានពិនិត្យមើលថា តើជើងហោះហើរបានហោះ ឬនៅ។ ក្រោយមកពួកគេបាននិយាយថា ជើងហោះហើរនឹងត្រឡប់មកវិញ»។
ក្រោយដឹងថាយន្តហោះបានហោះហើរចោលពួកគេ អ្នកដំណើរបានខឹងសម្បារ និងបានបង្ហោះនៅលើ Twitter អំពីបទពិសោធន៍របស់ពួកគេ ដោយរិះគន់ Go First សម្រាប់ការធ្វេសប្រហែសរបស់ពួកគេ។ ប្រភពព័ត៌មានបាននិយាយថា ក្រោយមានឧប្បត្តិហេតុនេះ អ្នកដំណើរជាប់គាំងចំនួន ៥៣នាក់ ក៏ត្រូវបានគេផ្ដល់ជូនសំបុត្រយន្តហោះថ្មី ខណៈ ២នាក់ ផ្សេងទៀត ត្រូវបានគេសងប្រាក់ដើមឱ្យវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






