អន្តរជាតិ

បវរកញ្ញាចក្រវាលអែលសាល់វ៉ាឌ័របានបង្ហាញ Bitcoin នៅក្នុងឈុតតំណាងជាតិ បន្ទាប់ពីប្រទេសរបស់នាងអនុម័តច្បាប់គ្រប់គ្រងរូបិយប័ណ្ណឌីជីថល

BY
autoadmin
January 14, 2023

កំឡុងវគ្គបង្ហាញឈុតតំណាងជាតិនៅឯព្រឹត្តិការណ៍បវរកញ្ញាចក្រវាល ក្នុងទីក្រុង New Orleans របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បវរកញ្ញាមកពីប្រទេសអែលសាល់វ៉ាឌ័រ Alejandra Guajardo ត្រូវបានគេឃើញស្លៀកក្នុងឈុតរូបិយប័ណ្ណចម្រុះផ្សេងគ្នារបស់ប្រវត្តិសាស្ត្រអែលសាល់វ៉ាឌ័រ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អាម្មណ៍ជាងនេះទៀតនោះ គឺគេឃើញមានរូបិយប័ណ្ណឌីជីថល Bitcoin នៅលើឈុតតំណាងជាតិនោះផងដែរ នៅចំពេលដែលប្រទេសអែលសាល់វ៉ាឌ័រ ទើបតែបានអនុម័តច្បាប់ថ្មីមួយ ដែលមានបំណងគ្រប់គ្រងការចេញប្រើប្រាស់រូបិយប័ណ្ណឌីជីថល ទាំងអង្គភាពរដ្ឋ និងឯកជន កាលពីថ្ងៃពុធកន្លងទៅ នេះបើតាមការចុះផ្សាយដោយ Investing

អែលសាល់វ៉ាឌ័រគឺជាប្រទេសដំបូងគេ ដែលទទួលស្គាល់ Bitcoin ជាការដេញថ្លៃស្របច្បាប់ សម្រាប់ឱ្យអង្គភាពអាជីវកម្មទាំងអស់ ទទួលយករូបិយប័ណ្ណមួយនេះមកប្រើប្រាស់។ បច្ចុប្បន្ននេះ គណបក្សកាន់អំណាចបានចេញសេចក្តីព្រាងច្បាប់ ដោយសហការជាមួយប្រធានាធិបតីលោក Nayib Bukele ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងបរទេស។ គោលបំណងនៃច្បាប់ថ្មីនេះគឺ «ដើម្បីបង្កើតក្របខណ្ឌច្បាប់ ដែលផ្តល់ភាពប្រាកដប្រជាផ្នែកច្បាប់ ក្នុងការផ្ទេរប្រតិបត្តិការទៅឱ្យទ្រព្យសម្បត្តិឌីជីថលណាមួយ ដែលត្រូវបានប្រើនៅក្នុងការផ្តល់ជូនជាសាធារណៈ»។ ច្បាប់នេះក៏មានបំណងបង្កើតឱកាសហិរញ្ញវត្ថុថ្មី សម្រាប់បុគ្គល ស្ថាប័ន និងរដ្ឋាភិបាលផងដែរ។

គួរឱ្យកត់សម្គាល់ដែរថា គណៈកម្មការជាតិសម្រាប់ទ្រព្យសម្បត្តិឌីជីថល និងទីភ្នាក់ងារគ្រប់គ្រង Bitcoin នឹងត្រូវបានចាត់តាំងឱ្យមានការគ្រប់គ្រង ការពារ និងវិនិយោគមូលនិធិពីការផ្តល់ជូនសាធារណៈរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិឌីជីថល។ ប៉ុន្តែបទប្បញ្ញត្តិនៃច្បាប់នេះ នឹងមិនត្រូវបានអនុវត្តចំពោះរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDCs) ឬរូបិយប័ណ្ណសុទ្ធ (fiat) នោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Investing

Share This Post: