គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានអង្រួនភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ីកាលពីព្រឹកមិញនេះ
- BY
- autoadmin
- January 16, 2023
គ្រោះរញ្ជួយដីនៅបាតសមុទ្រដ៏ខ្លាំងមួយ បានអង្រួនភាគខាងលិចប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែភ្លាមៗនោះមិនទាន់មានរបាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរ ឬអ្នកស្លាប់និងរបួសនោះទេ។ ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ ៤៨គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Singkil ដែលជាស្រុកឆ្នេរសមុទ្រក្នុងខេត្ត Aceh ក្នុងជម្រៅ ៣៧គីឡូម៉ែត្រ។ វាបានកើតឡើងនៅម៉ោងប្រហែល ៦ និង ៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក)។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) ក៏បានដាក់កម្រិតរញ្ជួយ ៦.២ រ៉ិចទ័រ ហើយបាននិយាយថា មិនមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិនោះទេ ខណៈដែលទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតធំដុំនោះទេ។ ជម្រាបដែរថា ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះដ៏ធំដែលមានប្រជាជនជាង ២៧០ លាននាក់ តែងតែរងការវាយប្រហារដោយការរញ្ជួយដី និងការផ្ទុះភ្នំភ្លើង ដោយសារតែទីតាំងរបស់វានៅលើ «Ring of Fire» ដែលងាយនឹងមានគ្រោះធម្មជាតិទាំងនេះ។
ការរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ កាលពីថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំមុន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៣១ នាក់ និងជិត ៦០០ នាក់រងរបួស នៅក្នុងទីក្រុង Cianjur ភាគខាងលិចកោះជ្វា។ វាជាការសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីការរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១៨ នៅ Sulawesi បានសម្លាប់មនុស្សប្រហែល ៤,៣៤០ នាក់។ នៅឆ្នាំ ២០០៤ ការរញ្ជួយដីនៅមហាសមុទ្រឥណ្ឌាដ៏ខ្លាំងក្លាមួយ បានធ្វើឱ្យមានរលកយក្សស៊ូណាមិដែលបានសម្លាប់មនុស្សជាង ២៣០,០០០ នាក់ នៅក្នុងប្រទេសជាច្រើនដែលភាគច្រើននៃពួកគេនៅក្នុងខេត្ត Aceh របស់ឥណ្ឌូនេស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






