លោក Tim Cook បានកាត់បន្ថយប្រាក់កម្រៃប្រចាំឆ្នាំ ៤០% ដើម្បីឆ្លើយតបនឹងការធ្លាក់ចុះរបស់ Apple
- BY
- autoadmin
- January 16, 2023
យោងតាមសេចក្តីថ្លែងការណ៍ប្រូកស៊ីប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple បានឱ្យដឹងថា លោក Tim Cook បានកាត់បន្ថយប្រាក់កម្រៃប្រចាំឆ្នាំដល់ ៤០% បើប្រៀបនឹងឆ្នាំមុន ហើយនេះគឺជាគំនិតរបស់នាយកប្រតិបត្តិរូបនេះផ្ទាល់។ ជាក់ស្តែង ក្នុងអំឡុងពេលកិច្ចប្រជុំប្រឹក្សាប្រចាំឆ្នាំសម្រាប់ម្ចាស់ភាគហ៊ុនរបស់ Apple ឆ្នាំ២០២២ គឺមានតែ ៦៤% នៃអ្នកបោះឆ្នោតប៉ុណ្ណោះ ដែលបានគាំទ្រលើការទូទាត់កញ្ចប់ប្រាក់ឈ្នួលឆ្នាំ២០២១ សម្រាប់ម្ចាស់ភាគហ៊ុនធំៗ (executives) របស់ក្រុមហ៊ុន Apple។ បើទោះបីជាសំឡេងគាំទ្រនៅមានច្រើនជាងសំឡេងជំទាស់ក៏ដោយ ប៉ុន្តែវាក៏តំណាងឱ្យការថយចុះគួរឱ្យកត់សម្គាល់ធៀបនឹងឆ្នាំមុនៗ។ រំលឹកផងដែរថា កាលពីឆ្នាំមុន ការបោះឆ្នោតសម្រាប់កញ្ចប់ប្រាក់ឈ្នួលឱ្យម្ចាស់ភាគហ៊ុន គឺមានការគាំទ្ររហូតដល់ទៅ ៩៤.៩% ឯណោះ។

ដើម្បីសម្រេចចិត្តលើកញ្ចប់ប្រាក់ឈ្នួលនេះ គណៈកម្មាធិការផ្តល់សំណងរបស់ Apple បានពិចារណាទៅតាមលទ្ធផលបោះឆ្នោត «Say on Pay» និងអនុសាសន៍ផ្ទាល់របស់លោក Tim Cook «ដើម្បីកែសម្រួលសំណងរបស់គាត់ ឆ្លើយតបតាមមតិយោបល់ដែលទទួលបាន»។ សម្រាប់ឆ្នាំ២០២៣ ប្រាក់បៀវត្សរ៍គោលដៅរបស់លោក Cook គឺ ៤៩ លានដុល្លារ ដែលជាការធ្លាក់ចុះ ៣៥ លានដុល្លារ ពីប្រាក់បៀវត្សរ៍របស់គាត់នៅឆ្នាំ២០២២។ ប្រាក់ខែរបស់គាត់នៅតែ ៣ លានដុល្លារ ហើយការលើកទឹកចិត្តជាសាច់ប្រាក់ប្រចាំឆ្នាំរបស់គាត់ នៅតែ ៦ លានដុល្លារដដែល ប៉ុន្តែតម្លៃភាគហ៊ុនរបស់គាត់បានកាត់បន្ថយពី ៧៥ លានដុល្លារ ក្នុងឆ្នាំ២០២២ ដល់ ៤០ លានដុល្លារក្នុងឆ្នាំនេះ។ លើសពីនេះ គាត់ត្រូវបានគេផ្តល់រង្វាន់សមធម៌ ដែលផ្អែកលើការងារ ៧៥% និង ២៥% លើប្រាក់កម្រៃពីការកាន់ភាគហ៊ុន ជំនួសឱ្យ ៥០-៥០ ដូចឆ្នាំ ២០២២៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget
- Share This Post:






