អន្តរជាតិ

កងកម្លាំងរុស្ស៊ី និងបេឡារុស្សចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នា ខណៈអ៊ុយក្រែនដែលនៅជិតខាងកាន់តែមានការព្រួយបារម្ភ

BY
autoadmin
January 16, 2023

កងកម្លាំងរុស្ស៊ី និងបេឡារុស្ស កំពុងបើកធ្វើសមយុទ្ធរួមគ្នា ដែលធ្វើឱ្យតំបន់ Chernihiv របស់អ៊ុយក្រែន ដែលនៅជាប់ព្រំដែនប្រទេសបេឡារុស្សមានការព្រួយបារម្ភយ៉ាងខ្លាំង។ ក្រសួងការពារជាតិនៃប្រទេសបេឡារុស្សបានប្រកាសថា ប្រទេសទាំង ២ នឹងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃទី០១ ខែកុម្ភៈ។ យ៉ាងណាក៏ដោយ ប្រទេសទាំង ២ និយាយថា សមយុទ្ធនេះគឺដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រជាជននៅតំបន់ Chernihiv កំពុងបង្ហាញពីភាពភ័យខ្លាចរបស់ពួកគេ។

ឥឡូវនេះអ្នកស្រុកមួយចំនួនត្រូវបានគេមើលឃើញថា កំពុងទៅកាន់ស្ថានីយ៍ប្រេងឥន្ធនៈដើម្បីចាក់បំពេញប្រេងសាំង ក្នុងករណីដែលពួកគេត្រូវជម្លៀសខ្លួនចេញ។ មនុស្សម្នាក់បាននិយាយថា គាត់ចង់ទៅទីតាំងដែលមានសុវត្ថិភាពប្រសិនបើបេឡារុស្សនិងរុស្ស៊ីបើកការវាយប្រហារ ខណៈអ្នកស្រុកផ្សេងទៀតកំពុងរៀបចំផ្ទះរបស់ពួកគេ។ អ្នកស្រុកមួយចំនួនធ្លាប់បានភៀសខ្លួនទៅទីតាំងឆ្ងាយមានសុវត្ថិភាព នៅពេលដែលរុស្ស៊ីបានបើកការវាយប្រហារកាលពីខែកុម្ភៈឆ្នាំមុន ដូច្នេះពួកគេត្រូវត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹងភាពភ័យខ្លាចនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: