ប្រទេសកូរ៉េខាងជើង គ្រោងនឹងបើកកិច្ចប្រជុំសភាកំពូលនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីថវិកា និងកំណែទម្រង់របស់ប្រទេសជាតិ
- BY
- autoadmin
- January 17, 2023
ប្រទេសកូរ៉េខាងជើងគ្រោងនឹងបើកកិច្ចប្រជុំសភាដ៏សំខាន់មួយនៅថ្ងៃអង្គារ ដោយមានតំណាងមកពីទូទាំងប្រទេសចូលរួម។ សភាប្រជាជនកំពូលជួបគ្នាម្តង ឬពីរដងក្នុងមួយឆ្នាំនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីថវិការបស់ប្រទេស ការកែប្រែច្បាប់ និងការតែងតាំងបុគ្គលិក។ នៅឯកិច្ចប្រជុំមុនក្នុងខែកញ្ញា សភាបានអនុម័តច្បាប់កំណត់លក្ខខណ្ឌសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយលើកនេះ គេរំពឹងថានឹងអនុម័តផែនការថវិកាដោយផ្អែកលើគោលនយោបាយអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលដែលប្រកាសដោយមេដឹកនាំគីម ជុងអ៊ុន។

នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាចកាលពីចុងខែធ្នូ លោក គីម បាននិយាយថា ប្រទេសនេះនឹងអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយនៅឆ្នាំ២០២៣ ហើយឆ្នាំនេះជាខួបលើកទី៧៥ នៃការបង្កើតប្រទេស។ លោកក៏បាននិយាយផងដែរថា កូរ៉េខាងជើងត្រូវការផលិតអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងបង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។ លោក គីម បានបង្ហាញយ៉ាងច្បាស់នូវអរិភាពរបស់ខ្លួនប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថា ខ្លួនកំពុងព្យាយាមបង្កើតប្លុកយោធាថ្មីមួយជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ការយកចិត្តទុកដាក់ពេលនេះ គឺផ្តោតទៅលើថា តើលោកនឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំសភាដ៏សំខាន់នេះដែរ ឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






