ប្រទេសទួរគីនិយាយថា ស៊ុយអែតនិងហ្វាំងឡង់ ត្រូវតែប្រគល់ពួកភេរវករចំនួន ១៣០ នាក់ឱ្យមកខ្លួន ទើបទួរគីយល់ព្រមឱ្យពួកគេចូលរួមជាមួយណាតូ
- BY
- autoadmin
- January 17, 2023
ប្រធានាធិបតីលោក Tayyip Erdogan បាននិយាយថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ ត្រូវតែនិរទេស ឬធ្វើបត្យាប័នភេរវករចំនួន ១៣០ នាក់ ទៅកាន់ប្រទេសទួរគី មុនពេលសភាទួរគីអនុម័តនឹងយល់ព្រមឱ្យប្រទេសទាំង ២ ចូលរួមជាមួយណាតូ។ ជម្រាបដែរផងថា រដ្ឋ Nordic ទាំង ២ បានដាក់ពាក្យសុំចូលរួមជាមួយណាតូកាលពីឆ្នាំមុន ប៉ុន្តែពួកគេត្រូវតែទទួលបានការយល់ព្រមពីរដ្ឋទាំង ៣០ របស់ណាតូជាមុន។ ទួរគី និងហុងគ្រី មិនទាន់យល់ព្រមលើពាក្យសុំនេះទេ ដូច្នេះហើយទើបទួរគី បានស្នើនូវអ្វីដែលខ្លួនចង់បានពីប្រទេសទាំង ២។

ទួរគីបានសង្កត់ធ្ងន់ថា ស៊ុយអែតផ្ទាល់ត្រូវតែប្រកាន់ជំហរច្បាស់លាស់ជាងមុន ប្រឆាំងនឹងពួកភេរវជន។ ពោលគឺទួរគីបានហៅក្រុមសកម្មប្រយុទ្ធឃឺដ និងក្រុមមួយដែលប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ២០១៦ ថាជាពួកភេរវករ ខណៈប្រទេសទាំង២ មិនបានឯកភាព និងប្រគល់ពួកក្រុមវាយប្រហារទាំងនោះ មកឱ្យទួរគីនោះទេ។ អ្នកនាំពាក្យរបស់លោក Erdogan លោក Ibrahim Kalin ក៏បាននិយាយកាលពីថ្ងៃសៅរ៍ថា ពេលវេលាសម្រាប់ទួរគីក្នុងផ្តល់សច្ចាប័នឱ្យប្រទេសទាំង ២ ក៏ជិតអត់ដែរ នៅមុនពេលការបោះឆ្នោតប្រធានាធិបតី និងសភា ដែលរំពឹងទុកនៅក្នុងខែឧសភានឹងចូលមកដល់៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






