អន្តរជាតិ

ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc ចុះចេញពីតំណែង និងចូលនិវត្តន៍ពីនយោបាយ ដោយសារការប្រព្រឹត្តខុសរបស់មន្ត្រីក្រោមឱវាទ

BY
autoadmin
January 17, 2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា គណៈកម្មាធិការមជ្ឈិមបក្សនៅថ្ងៃអង្គារនេះ បានយល់ព្រមឱ្យលោក Nguyen Xuan Phuc អាយុ ៦៩ឆ្នាំ ចុះចេញពីតំណែងជាប្រធានាធិបតី ក៏ដូចជាចាកចេញពីសមាជិករបស់ការិយាល័យនយោបាយ និងគណៈកម្មាធិការវៀតណាម តាមការស្នើសុំផ្ទាល់ខ្លួនរបស់គាត់ផ្ទាល់។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយពីកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការនេះ លោក Phuc គឺជាមេដឹកនាំដ៏សំខាន់នៃបក្សកុម្មុយនិស្ត និងរដ្ឋវៀតណាម។ គាត់​ត្រូវ​បាន​គេ​ទុក​ចិត្ត​ និង​ចាត់​តាំង​ឱ្យ​កាន់​តំណែង​ធំៗ​ជា​ច្រើន​ ដោយ​គណៈកម្មាធិការ និង​ការិយាល័យ​នយោបាយ។

ក្នុងនាមជានាយករដ្ឋមន្ត្រីក្នុងអំឡុងពេលឆ្នាំ ២០១៦-២០២១ លោក Phuc បានដឹកនាំ និងដំណើរការកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដោយទទួលបានលទ្ធផលយ៉ាងគួរឱ្យកត់សម្គាល់។ ប៉ុន្តែក្នុងនាមជាមេដឹកនាំរបស់ប្រទេសទាំងមូល លោកត្រូវទទួលខុសត្រូវចំពោះមន្ត្រីក្រោមឱវាទមួយចំនួន រួមទាំងឧបនាយករដ្ឋមន្ត្រី ២រូប និងរដ្ឋមន្ត្រី ៣រូប ដែលប្រព្រឹត្តល្មើសនាំទុក្ខដល់រូបលោកដែលជាថ្នាក់លើរបស់ពួកគេ។ ឥឡូវនេះ ឧបនាយក​រដ្ឋមន្ត្រី​ ២​រូប ​បាន​លាលែង​ពី​តំណែង ខណៈ​រដ្ឋមន្ត្រី​ ២​រូប និង​មន្ត្រី​មួយ​ចំនួន​ទៀត​ កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ។ តាមសេចក្តីថ្លែងការណ៍បាននិយាយថា ដោយសារគាត់ដឹងច្បាស់អំពីការទទួលខុសត្រូវរបស់គាត់ លោក Phuc បានសម្រេចចិត្តលាលែងពីមុខតំណែងរបស់គាត់ ហើយចូលនិវត្តន៍ពីពេលនេះទៅ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: