ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ក្នុងទីក្រុងគៀវ ដែលបានឆក់យកជីវិតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងពលរដ្ឋអ៊ុយក្រែនចំនួន ១៤នាក់
ក្រុមអ្នកស៊ើបអង្កេតរបស់ប្រទេសអ៊ុយក្រែន កំពុងព្យាយាមកំណត់មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានធ្លាក់នៅតំបន់ Brovary ក្បែរជាយទីក្រុងគៀវ។ អាជ្ញាធរអ៊ុយក្រែននិយាយថា មនុស្សយ៉ាងហោចណាស់ ១៤នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ដោយក្នុងនោះរួមមាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន Denys Monastyrskyy ។ លោក និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត បាននៅលើឧទ្ធម្ភាគចក្រ ដែលកំពុងហោះហើរក្នុងអាកាសធាតុចុះអ័ព្ទ ហើយក្រោយមកឧទ្ធម្ភាគចក្រក៏បានធ្លាក់នៅជិតមជ្ឈមណ្ឌលកុមារមួយ។

ជាមួយគ្នានេះ មនុស្សចំនួន ២៥នាក់ ផ្សេងទៀតដែលនៅលើដី ដោយរួមមានកុមារម្នាក់ផងនោះ ក៏ត្រូវបានគេរាយការណ៍ថា បានរងរបួសផងដែរ។ ប្រធានាធិបតីលោក Zelenskkyy បាននិយាយថា «ការឈឺចាប់នេះគឺមិនអាចបរិយាយបានទេ»។ ហើយលោកបានហៅជនរងគ្រោះថាជា «អ្នកស្នេហាជាតិអ៊ុយក្រែនពិតប្រាកដ»។ ឥឡូវនេះក្រុមអ្នកស៊ើបអង្កេតបាននិយាយថា មិនមានការប្រយុទ្ធគ្នានៅក្នុងតំបន់នេះទេ ហើយកំពុងរកមើលមូលហេតុដែលអាចកើតមានផ្សេងទៀត រួមទាំងកំហុសអ្នកបើកយន្តហោះ និងបញ្ហាបច្ចេកទេសមេកានិច៕


អត្ថបទ៖ លីដា
ប្រភព៖ NHK