អន្តរជាតិ

កូរ៉េខាងត្បូងនឹងដកចេញនូវច្បាប់ពាក់ម៉ាស់ បើទោះបីជាចិនកំពុងមានការកើនឡើងនៃការឆ្លងថ្មីក៏ដោយ

BY
autoadmin
January 20, 2023

នាយករដ្ឋមន្រ្តីលោក Han Duck-soo នៅថ្ងៃសុក្រនេះបាននិយាយថា កូរ៉េខាងត្បូងនឹងដកចេញនូវច្បាប់ពាក់ម៉ាស់នៅក្នុងទីបិទជិតសាធារណៈ ចាប់ពីថ្ងៃទី៣០ ចុងខែមករានេះ ទោះបីជាច្បាប់នេះនឹងនៅតែអនុវត្តសម្រាប់កន្លែងដឹកជញ្ជូន និងពេទ្យក៏ដោយ។ លោក Han នៅអំឡុងពេលកិច្ចប្រជុំឆ្លើយតបនឹងជំងឺ COVID-19 បាននិយាយថា៖«ចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃកំពុងបន្តធ្លាក់ចុះ ហើយទោះបីជាមានការព្រួយបារម្ភអំពីការកើនឡើងនៃករណីនៅក្នុងប្រទេសចិនក៏ដោយ ស្ថានភាពនៅទីនេះគឺស្ថិតក្រោមការគ្រប់គ្រងដោយគ្មានបញ្ហាធំឡើយ» ។

សេចក្តីប្រកាសនៅថ្ងៃសុក្រនេះបានកើតឡើងក្រោយរយៈពេល ៣ឆ្នាំ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការផ្ទុះឡើងដំបូងនៃការឆ្លងជំងឺ COVID-19 ដំបូងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ លោក Han ក៏បានព្រមានដែរថា ការបន្ធូរបន្ថយច្បាប់ពាក់ម៉ាស់ និងថ្ងៃឈប់សម្រាកនាពេលខាងមុខ អាចបណ្តាលឱ្យមានការកើនឡើងជាបណ្តោះអាសន្ននូវករណីថ្មី ដោយជំរុញឱ្យអាជ្ញាធរសុខាភិបាលរក្សាការប្រុងប្រយ័ត្ន ជាពិសេសសម្រាប់អ្នកដែលងាយនឹងឆ្លងមេរោគ។ ជម្រាបដែរថា កូរ៉េខាងត្បូងបានលុបចោលការរឹតត្បឹតភាគច្រើនទាក់ទងនឹងជំងឺរាតត្បាតរបស់ខ្លួន ប៉ុន្តែប្រទេសនេះរក្សាច្បាប់ដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃ សម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: