ថៃបានរចនាធូបឱ្យខ្លីជាងមុនដើម្បីដុតឆាប់អស់ និងកាត់បន្ថយផ្សែង នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន
- BY
- Lyda
- January 20, 2023
សាកលវិទ្យាល័យ Silpakorn របស់ប្រទេសថៃ បានរចនាធូបដែលដុតឆាប់អស់ជាងមុន ដើម្បីកាត់បន្ថយការបំពុលបរិយាកាស រួមទាំងខ្យល់ពុល PM2.5 នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ ជារៀងរាល់ឆ្នាំនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ពលរដ្ឋថៃកាត់ចិននឹងទៅកាន់ទីសក្ការៈនានា ដើម្បីអុជធូបគោរពដល់ព្រះ និងវិញ្ញាណក្ខន្ធដូនតារបស់ពួកគេ។ ជាលទ្ធផល ទីសក្ការៈបូជារបស់ចិននៅទីក្រុងបាងកក និងទីក្រុងផ្សេងទៀត គឺត្រូវគ្របដណ្ដប់ជិតដោយផ្សែងធូប។
សាស្ត្រាចារ្យលោក Ratthaphol Onchaeng បាននិយាយថា៖«ធូបបែបបុរាណជាធម្មតាឆេះអស់ក្នុងរយៈពេល ២០-៣០ នាទី ដែលបង្កើតជាផ្សែងបង្កឱ្យមានការបំពុលបរិយាកាស ពិសេសនៅតាមតំបន់ដែលមានអ្នកទស្សនាច្រើនដូចជាវត្ត Mangkon Kamalawat (វត្ត Leng Noei Yi) នៅក្នុង Chinatown ទីក្រុងបាងកក»។ លោកបានបន្ថែមថា ផ្សែងមកពីការដុតធូបមានផ្ទុកនូវលោហធាតុ និងសារធាតុអាឡែហ្ស៊ី ហើយអាចបណ្តាលឱ្យកើតមហារីកបន្ទាប់ពីការស្រូបចូលខ្លួនរយៈពេលយូរ។ វាជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសក្នុងចំណោមមនុស្សចាស់ដែលចូលចិត្តបន់ស្រន់។
ក្រុមស្រាវជ្រាវរបស់លោក Ratthaphol បានបង្កើតការរចនាថ្មី និងមានសុវត្ថិភាពជាងមុន ដែលពួកគេហៅថា «Silapakorn Rangsan Incense Stick» ដែលមានល្បាយធូបតិចជាងមុន ដូច្នេះហើយធូបនឹងឆេះអស់ត្រឹមតែ ៥-៦ នាទីប៉ុណ្ណោះ»។ លោក Ratthaphol មានប្រសាសន៍ថា៖«ធូបឆេះអស់លឿនជាងមុននេះ មិនអាចមានផលប៉ះពាល់ដល់មនុស្សទេ ដោយសាររយៈពេលឆេះគឺតែប៉ុន្មាននាទីប៉ុណ្ណោះ។ ធូបខ្លីជាងមុននេះក៏ជួយធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់បុគ្គលិកនៅតាមទីសក្ការៈ ក្នុងការប្រមូលជើងធូបដែលគេដុតរួច យកទៅបោះចោលផងដែរ»៕
អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post: