ឆ្នាំនេះប្រជាជនវៀតណាមកំពុងស្វាគមន៍ទទួលឆ្នាំឆ្មា ដោយសារហេតុផលបែបនេះ…
- BY
- Lyda
- January 21, 2023
ខណៈដែលប្រទេសចិនកំពុងរៀបចំខ្លួនដើម្បីស្វាគមន៍ឆ្នាំទន្សាយ ប៉ុន្តែសម្រាប់ប្រទេសវៀតណាមឯណោះវិញ គឺពួកគេកំពុងត្រៀមស្វាគមន៍ឆ្នាំឆ្មា ដោយសារតែឆ្នាំទាំង ១២ របស់ប្រទេសទាំង ២ មានភាពខុសប្លែកគ្នាបន្តិចបន្តួច។ នៅទូទាំងប្រទេសវៀតណាម គេឃើញនៅតាមដងផ្លូវនានា មានរូបសំណាកសត្វឆ្មា ហើយហាងនានាផ្ទុកទៅដោយគ្រឿងតុបតែងលម្អដោយរូបឆ្មា ដើម្បីអបអរឆ្នាំថ្មីវៀតណាម ឬហៅថាបុណ្យតេត (Tet)។ ភាពខុសគ្នានេះ គឺដោយសារប្រទេសវៀតណាម និងប្រទេសចិនមានឆ្នាំ (zodiac) ចំនួន ១០ ដូចគ្នាគឺ៖ កណ្តុរ ខ្លា នាគ ពស់ សេះ ពពែ ស្វា មាន់ ឆ្កែ និងជ្រូក។ ប៉ុន្តែមានឆ្នាំចំនួន ២ ដែលផ្ទុយគ្នា គឺវៀតណាមគោរពឆ្មា ជំនួសឱ្យទន្សាយ ហើយក្របី ជំនួសឱ្យគោ។
ការគោរពសត្វឆ្មារបស់ប្រជាជនវៀតណាម ក៏មានប្រវត្តិរបស់វាផងដែរ ដោយលោក Nguyen Hieu Tin អ្នកជំនាញខាងវប្បធម៌ប្រពៃណីវៀតណាម បានមានប្រសាសន៍ថា វាពាក់ព័ន្ធស្រែចម្ការដ៏មានតម្លៃរបស់កសិករវៀតណាម។ គាត់បានប្រាប់ថា៖«អង្ករគឺជាផ្នែកមួយដ៏ធំ នៃកសិកម្មរបស់ប្រទេសវៀតណាម ប៉ុន្តែជាមួយនឹងការគំរាមកំហែងពីសត្វកណ្តុរជាច្រើននៅក្នុងវាលស្រែ សត្វឆ្មា គឺជាសត្វដ៏ពេញនិយមសម្រាប់ជនជាតិវៀតណាម»។ លោកបន្ថែមថា វៀតណាមក៏មិនចង់គោរពសត្វស្រដៀងគ្នានោះដែរ ដោយពួកគេមើលឃើញថា កណ្តុរ និងទន្សាយ គឺជាសត្វស្រដៀងគ្នា។ មានទ្រឹស្ដីមួយទៀតបាននិយាយថា ជនជាតិវៀតណាមបានប្រែក្លាយពាក្យចិន «ម៉ៅ» (ទន្សាយ) ដោយខ្លួនឯង ដោយសារវាស្តាប់ទៅដូចជា «meo» ដែលមានន័យថាឆ្មា។ ពោលគឺឆ្នាំឆ្មា ត្រូវបានគេជឿថា នាំលាភសំណាង និងដំណើររលូននៅប្រទេសវៀតណាម៕
អត្ថបទ៖ លីដា
ប្រភព៖ SCMP
- Share This Post: