ផ្ទុះការវែកញែកពេញបណ្ដាញសង្គម ក្រោយឃើញកម្មវិធីមួយ យកឧបករណ៍ភ្លេងបុរាណខ្មែរ «ស្គរសម្ភោរ» មកច្នៃសម្រាប់ដាក់កែវទឹក
- January 27, 2023
ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ក្រោយឃើញឧបករណ៍ភ្លេងបុរាណខ្មែរ «ស្គរសម្ភោរ» គេយកមកដាក់ទឹក ក្នុងកម្មវិធី Think with PingAnn គិតជាមួយប៉េងអាន ក្នុងនោះយោងតាមការចុះផ្សាយរបស់ ប្រជាជន ខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានប្រតិកម្មខ្លាំង និងចង់សួររូបក្នុងរង្វង់នេះ ជាឧបករណ៍ភ្លេងបុរាណខ្មែរ មែនទេ?

ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ សូមអធ្យាស្រ័យពីម្ចាស់រូបទាំងពីរ តែចង់សួរថារូបក្នុងរង្វង់នេះ ជាឧបករណ៍ភ្លេងបុរាណខ្មែរ មែនទេ? ប្រសិនបើជាការពិត ស្នើសុំជួយផ្ដល់តម្លៃដល់វត្ថុសិល្បៈបុរាណរបស់ជាតិ កុំយកទៅច្នៃប្រើសម្រាប់ដាក់កែវទឹកដូច្នេះ ព្រោះតម្លៃឧបករណ៍ភ្លេងបុរាណខ្មែរ មានតម្លៃខ្ពស់ណាស់។
សូមបញ្ជាក់ថា សម្ភោរ គឺជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទ នៅក្នុងជំនឿរបស់គ្រូភ្លេងបុរាណ សម្ភោរ ត្រូវបានគេគោរពខ្លាំងណាស់ គេហៅថាគ្រូចង្វាក់ ឬមេចង្វាក់ ហើយពេលលេងភ្លេងម្ដងៗសម្ភោរតែងនាំមុខគេជានិច្ច ហើយបើពេលមានកម្មវិធីសំពះគ្រូរបាំធំៗ សិស្សរបាំ គ្រូរបាំ តែងនាំគ្នា ធុជធូបលើសម្ភោរ ឬរៀបចំបាយសី ក្រាលក្រណាត់ស នៅពីមុខសម្ភោរជាដើម ពេលគ្រូៗភ្លេងលេងបទសាធុការ គឺគេវៃសម្ភោរនាំមុខមុនគេ ទើបគេចាប់ផ្ដើមលេងឧបករណ៍ផ្សេងៗតាមក្រោយ។
កាលពីដើមតាមការសាកសួរលោកគ្រូភ្លេងចាស់ៗ គេមានតំណមណាស់ មិនអោយសិស្សណាម្នាក់ប្រមាថឧបករណ៍ណាមួយឬដើរកន្លងឬលោតកន្លងលើឧបករណ៍នោះទេ វាទៅជាឈឺនេះឈឺនោះជាដើម។
ក្នុងនោះ យោងតាមគណនីរបស់ Think with PingAnn គិតជាមួយប៉េងអាន ក៏បានសុំអធ្យាស្រ័យចំពោះកំហុសរបស់ខ្លួន ដោយសរសេររៀបរាប់ថា៖ “អរគុណចំពោះបងៗដែលបានពន្យល់និងណែនាំបែប ស្ថាបនា។ សុំអធ្យាស្រ័យចំពោះកំហុស។ ខ្ញុំនិង ក្រុមការងារពុំមានចេតនាមិនល្អអ្វីឡើយ។ ពួកយើងនឹងព្យាយាមធ្វើឲ្យប្រសើរជាងនេះចំពោះលើកក្រោយ” ៕




ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ
- Share This Post:






