សង្គម

ឯកឧត្តម ឯម ច័ន្ទមករា ចង់ឱ្យម្ចាស់ផេក ឬផលិតករមិនមែនគ្រាន់តែលុបវីដេអូចេញទេ ប៉ុន្តែគប្បីពិចារណាធ្វើយ៉ាងណាឱ្យសមនឹងទង្វើបែបនេះ

BY
Khmernote Media
January 27, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៅមុននេះបន្តិច បានបង្ហាញមតិផ្ទាល់ខ្លួន ក្រោយឃើញឧបករណ៍ស្គរខ្មែរ «សម្ភោរ» មកច្នៃធ្វើជាតុដាក់កែវទឹក រួចអង្គុយស្ទើរដាក់ជើង ក្នុងកម្មវិធី Think with PingAnn គិតជាមួយប៉េងអាន ដែលកំពុងផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គម។

ក្នុងនោះផងដែរ ឯកឧត្តម ឯម ច័ន្ទមករា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “តើខ្វះឧបករណ៍ច្នៃធ្វើតុឬអី??? បានជាផលិតករកម្មវិធីនេះ មិនប្រើការពិចារណាឱ្យបានជ្រៅជ្រះអំពីឧបករណ៍ស្គរ ដ៏មានតម្លៃពីកេរ្តិ៍ដំណែលដូនតាខ្មែរ តាំងពីបុរាណកាលមក នោះគឺស្គរ«សម្ភោរ» ដែលជាទូទៅមុនប្រគំគឺគ្រូភ្លេងតែងនាំគ្នាអុជធូបថ្វាយ។ ឧបករណ៍ស្គរខ្មែរយើងខ្លះទៀត គឺគេប្រើ «ស្គរ» សម្រាប់ទួងយក «ជ័យ» ផង!

តើនោះគឺជាចេតនាឬអចេតនា? ខ្ញុំសង្ឃឹមថាម្ចាស់ផេកឬផលិតករមិនមែនគ្រាន់តែលុបវីដេអូនេះទេ ប៉ុន្តែលោកអ្នកគប្បីពិចារណាធ្វើយ៉ាងណាឱ្យសមនឹងការធ្វើបែបនេះ។

ខ្ញុំសរសើរចំពោះខ្លឹមសារនៃបទសំភាន៍និងការផលិតកម្មវិធីនេះ ប៉ុន្តែខ្ញុំប្រឆាំងដាច់ខាតក្នុងការយកឧបរកណ៍ភ្លេងបុរាណខ្មែរដែលមានតម្លៃនេះមកច្នៃធ្វើជាតុដាក់កែវទឹក រួចអង្គុយស្ទើរដាក់ជើងលើបែបនេះ។” ៕

ប្រភព៖ ឯម ច័ន្ទមករា Em Chan Makara

Share This Post: