អន្តរជាតិ

បុរសវ័យ២៧ឆ្នាំម្នាក់ ត្រូវបានតុលាការថៃដាក់ទោសឱ្យជាប់ពន្ធនាគារ ២៨ឆ្នាំ ក្រោយបានប្រមាថព្រះមហាក្សត្រនៅលើបណ្ដាញអ៊ីនធឺណិត

BY
autoadmin
January 27, 2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle បានរាយការណ៍ថា តុលាការក្នុងខេត្តឈៀងរ៉ៃ របស់ប្រទេសថៃ បានសម្រេចដាក់ទោសបុរសវ័យ ២៧ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ២៨ឆ្នាំ ក្រោយបានបំពានច្បាប់ Lese-majeste ស្តីពីការបរិហារកេរ្តិ៍ព្រះមហាក្សត្រ នៅក្នុងការបង្ហោះចំនួន ១៤ ក្នុងចំណោម ២៧ នៅលើបណ្ដាញអ៊ីនធឺណិត។ ប្រទេសថៃប្រកាន់ខ្ជាប់នូវច្បាប់ Lese-majeste នេះខ្លាំងណាស់ ដើម្បីការពាររាជានិយមរបស់ពួកគេ ហើយមនុស្សរាប់រយនាក់រួចមកហើយ ដែលត្រូវបានចាប់ខ្លួននៅក្រោមច្បាប់នេះចាប់តាំងពីការតវ៉ាដ៏ធំក្នុងឆ្នាំ២០២០។

តុលាការ​បាន​រក​ឃើញ​ថា លោក Mongkol Tirakote ​បាន​បំពាន​លើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​នៅក្នុង​ការបង្ហោះចំនួន ១៤ ក្នុង​ចំណោម ២៧ កាលពីក្នុង​ខែ​សីហាកន្លងទៅ។ គេបាន​រក​ឃើញ​ថា ​ការបង្ហោះរបស់គាត់​ផ្សេង​ទៀត​មិន​បាន​បំពាន​ច្បាប់​ទេ ដោយគ្រាន់តែ​ពាក់ព័ន្ធ​នឹង​អតីត​ព្រះមហាក្សត្រ Bhumibol Adulyadej ឬជាការបង្ហោះ​មិន​បានបញ្ជាក់ជាក់លាក់។ មេធាវី​របស់​បុរសគាត់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ទោស​ជាប់​ពន្ធនាគារ​ដើមឡើយ​គឺមានរហូតដល់ ៤២ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​កាត់​បន្ថយ​តាម​ការ​ផ្តល់​សក្ខីកម្ម​របស់​លោក Mongkol។ មេធាវី​របស់​លោក Mongkol បាន​និយាយ​ថា កូន​ក្តី​របស់​លោក​មាន​បំណង​ប្តឹង​ឧទ្ធរណ៍ចំពោះការសម្រេចនេះ។

តុលាការបានអនុញ្ញាតឱ្យសកម្មជនរូបនេះ​នៅ​ក្រៅ​ឃុំបណ្ដោះអាសន្ន ដោយការបង់ប្រាក់​ចំនួន ៣០០,០០០ បាត (៩,១០០ ដុល្លារ) ខណៈ​ករណី​របស់​គាត់​កំពុង​ស្ថិត​ក្នុង​បណ្តឹង​ឧទ្ធរណ៍។ លោក Mongkol ​ក៏​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ​ករណីទី​៣ ​ជុំវិញ​ការ​បង្ហោះ​តាម​អ៊ីនធឺណិត​កាល​ពី​ឆ្នាំ​មុន។ គាត់​គ្រោង​នឹង​ត្រឡប់​ទៅ​តុលាការ​វិញ​នៅ​ខែ​មីនា៕

អត្ថបទ៖ លីដា
ប្រភព៖ DW

Share This Post: