ប្អូនស្រីលោក គីម ជុងអ៊ុន រិះគន់សហរដ្ឋអាមេរិកចំពោះការផ្តល់រថក្រោះដល់អ៊ុយក្រែន
- BY
- autoadmin
- January 28, 2023
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់សហរដ្ឋអាមេរិកចំពោះការផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះសមរភូមិកម្រិតខ្ពស់ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ កណ្តាលកាលពីថ្ងៃសុក្រ លោកស្រី Kim Yo Jong បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទ «ធ្វើឱ្យស្ថានការណ៍សង្រ្គាមកើនឡើង» ដោយបន្ថែមថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត កំពុងប្រគល់សម្ភារៈយោធាដែលមានតម្លៃយ៉ាងមហិមា។

លោកស្រីនិយាយថា ទោះបីជា «កងកម្លាំងសម្ព័ន្ធមិត្តចក្រពត្តិនិយម» ព្យាយាមប៉ុនណាក៏ដោយ ក៏ពួកគេនឹងមិនអាចធ្វើឱ្យស្មារតីកងទ័ព និងប្រជាជនរុស្ស៊ីចុះខ្សោយឡើយ។ ទីភ្នាក់ងារសារព័ត៌មាន Radiopress ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ និយាយថា នេះជាលើកទីមួយហើយ ដែលលោកស្រីបានចេញផ្សាយសេចក្តីថ្លែងការណ៍អំពីការលុកលុយរបស់រុស្ស៊ី។ កូរ៉េខាងជើងបានបង្ហាញយ៉ាងច្បាស់នូវការគាំទ្រចំពោះក្រុងម៉ូស្គូចាប់តាំងពីជម្លោះបានចាប់ផ្តើម ខណៈរុស្ស៊ីក៏គាំទ្រកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






