យន្តហោះចម្បាំងរបស់កងកម្លាំងអាកាសឥណ្ឌាចំនួន ២គ្រឿង បានធ្លាក់ខណៈពេលកំពុងធ្វើសមយុទ្ធ
- BY
- autoadmin
- January 28, 2023
យន្តហោះចម្បាំងរបស់កងកម្លាំងអាកាសឥណ្ឌា ២គ្រឿង បានធ្លាក់នៅថ្ងៃសៅរ៍ ទី២៨ ខែមករានេះ នៅក្នុងការប៉ះទង្គិចគ្នានៅលើអាកាស ខណៈកំពុងធ្វើសមយុទ្ធចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ពីភាគខាងត្បូងនៃរដ្ឋធានីញូវដែលី នេះបើតាមសម្តីប៉ូលីសនៅកន្លែងកើតហេតុ បានប្រាប់មក AFP ។ មន្ត្រីប៉ូលីស Dharmender Gaur បានប្រាប់ AFP ថា៖«យើងបានរកឃើញបំណែកយន្តហោះមួយ ហើយបានរកឃើញអ្នកបើកយន្តហោះដែលរងរបួស នៅក្នុងព្រៃ Parhadgarh។ យន្តហោះផ្សេងទៀតទំនងជាបានធ្លាក់នៅទីតាំងផ្សេង ហើយយើងបានបញ្ជូនក្រុមដើម្បីស្វែងរកយន្តហោះដែលធ្លាក់មួយទៀត»។

ការធ្លាក់នេះ គឺជាឧបទ្ទវហេតុថ្មីចុងក្រោយបង្អស់នៃឧបទ្ទវហេតុអាកាសចរណ៍ ដែលពាក់ព័ន្ធនឹងកងយន្តហោះយោធារបស់ឥណ្ឌា។ រំលឹកផងដែរថា ទាហានទាហាន ៥នាក់ បានស្លាប់កាលពីខែតុលាឆ្នាំមុន នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់ក្នុងរដ្ឋ Arunachal Pradesh នៅជិតព្រំដែនយោធារបស់ប្រទេស និងជាតំបន់មានជម្លោះជាមួយប្រទេសចិន។ វាក៏ជាការធ្លាក់ឧទ្ធម្ភាគចក្រយោធាលើកទី២ នៅក្នុងរដ្ឋក្នុងខែតុលាដដែលនោះ ប៉ុន្មានសប្តាហ៍បន្ទាប់ពីឧទ្ធម្ភាគចក្រ Cheetah បានធ្លាក់នៅជិតក្រុង Tawang ដោយបានសម្លាប់អ្នកបើកយន្តហោះមួយនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






