អន្តរជាតិ

កូរ៉េខាងជើងបានហៅការសម្រេចចិត្តរបស់អាមេរិក លើការបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែនថាជា «អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»

BY
autoadmin
January 30, 2023

កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ បានរិះគន់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន ដោយហៅវាថាជា «អំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍អន្តរជាតិមិនស្ថិតស្ថេរ។ លោក Kwon Chung-keun នាយកកិច្ចការអាមេរិកនៅក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ដែលថាកូរ៉េខាងជើងបានផ្តល់អាវុធដល់រុស្ស៊ី គឺជាការចោទប្រកាន់ «គ្មានមូលដ្ឋាន» ដើម្បីយកលេសផ្ដល់ជំនួយយោធារបស់ខ្លួនដល់ប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍បាននិយាយថា៖«ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនឧបករណ៍ប្រដាប់អាវុធដូចជា រថក្រោះសំខាន់ចូលទៅក្នុងអ៊ុយក្រែន ដោយមិនអើពើនឹងការព្រួយបារម្ភស្របច្បាប់ និងការថ្កោលទោសរបស់សហគមន៍អន្តរជាតិ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលមានគោលបំណងធ្វើឱ្យស្ថានភាពអន្តរជាតិមិនស្ថិតស្ថេរ»។ លោក Kwon បានបន្ថែមថា ការអះអាងដោយគ្មានមូលដ្ឋាននៃកិច្ចព្រមព្រៀងអាវុធកូរ៉េខាងជើង និងរុស្ស៊ី គឺជារឿង «មិនអាចទទួលយកបាន និងជាការញុះញង់យ៉ាងធ្ងន់ធ្ងរដែលត្រូវតែឆ្លើយតប»។

កាលពីថ្ងៃសៅរ៍ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un គឺលោកស្រី Kim Yo Jong ក៏បានបរិហារការសន្យារបស់សហរដ្ឋអាមេរិក ដែលនឹងផ្ដល់រថក្រោះប្រយុទ្ធដល់អ៊ុយក្រែន ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុង «ឆ្លងកាត់ខ្សែបន្ទាត់ក្រហមបន្ថែមទៀត» ដើម្បីឈ្នះអនុត្តរភាពដោយសង្គ្រាមប្រូកស៊ី។ ជម្រាបដែរថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលចំនួនមិនធ្លាប់មានពីមុនមកកាលពីឆ្នាំមុន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ដែលមានសមត្ថភាពទៅដល់ដីគោករបស់សហរដ្ឋអាមេរិក។ មន្ត្រីអាមេរិក និងកូរ៉េខាងត្បូងក៏បានព្រមានថា កូរ៉េខាងជើងអាចនឹងរៀបចំ សម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួន ចាប់តាំងពីការបង្ហោះចុងក្រោយនៅឆ្នាំ ២០១៧៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: