ក្រុមអ្នកជួយសង្គ្រោះបន្ទាន់កំពុងខួងដីស្វែងរកក្មេងតូចម្នាក់ ដែលធ្លាក់ក្នុងអណ្ដូងជម្រៅ ១០០ ម៉ែត្រជិត១សប្តាហ៍ហើយ
អេស្ប៉ាញ៖ ក្រុមការងារជួយសង្គ្រោះបន្ទាន់កំពុងតែដុតដៃដុតជើងស្វែងរកក្មេងតូចអាយុ ២ ឆ្នាំម្នាក់ ដែលកំពុងតែជាប់នៅក្នុងអណ្ដូងដ៏ជ្រៅមួយយ៉ាងអណោចអធមបំផុតតាំងពីថ្ងៃអាទិត្យសប្តាហ៍មុនមកម្ល៉េស។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងក្រុង Totalan ភាគខាងត្បូងប្រទេសអេស្ប៉ាញ។ តាមក្រុមអ្នកសង្គ្រោះបានឲ្យដឹងថា អណ្តូងនេះមានជម្រៅប្រមាណជា ១០០ ម៉ែត្រ ហើយវាមិនមែនជាអណ្តូងសម្រាប់គេជីកយកទឹកប្រើប្រាស់នោះទេ តែវាផ្នែកមួយនៃផ្លូវរូងក្រោមដី ដែលគេកំពុងតែសាងសង់។ គេជឿថាក្មេងតូចដែលបានធ្លាក់នៅក្នុងអណ្តូងនេះនៅមានជីវិតនៅឡើយ ព្រោះក្នុងអណ្តូងគ្មានទឹកនោះទេ តែគេពិបាកនឹងជីកដីចូលទៅសង្គ្រោះក្មេងតូចនោះណាស់ ព្រោះគេខ្លាចមានការបាក់ដី និងថ្មទៅសង្កត់សម្លាប់ក្មេងតូចនោះ។
ពេលនេះក្រុមការងារកំពុងតែប្រើឧបករណ៍សម្រាប់ខួងដី និងក្រុមការងារជាច្រើននាក់ដើម្បីធានាថា ក្នុងរយៈពេលយ៉ាងយូរបំផុត ១៥ ម៉ោង គេនឹងអាចរកក្មេងតូចនេះឃើញ មុនពេលដែលរូបគេត្រូវអត់អាហារស្លាប់។ សូមបញ្ជាក់ដែលថា ករណីនេះបានក្លាយទៅជារឿង ដ៏គួរឲ្យសោកសៅមួយសម្រាប់គ្រួសារកុមាររងគ្រោះ ព្រោះកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ បងប្រុសរបស់កុមាររងគ្រោះ ដែលមានអាយុទើបតែ ៣ ឆ្នាំ បានស្លាប់ម្នាក់រួចទៅហើយ ខណៈដែលគេទៅលេងទឹកសមុទ្រ។ មហាជនទូទៅទូទាំងប្រទេសអេស្ប៉ាញ បានបួងសួងឲ្យក្មេងតូវមានសុវត្ថិភាព ព្រោះគេមិនចង់ឲ្យគ្រួសារមួយនេះមានប្រវត្តិសាស្រ្តកូនស្លាប់ច្រំដែលនោះទេ៕


អត្ថបទ៖ ភក្តី
ប្រភព៖ msn