កំពូលតារា YouTube លោក MrBeast កំពុងជួយមនុស្សប្រមាណ ១,០០០នាក់ ឱ្យអាចមើលឃើញឡើងវិញនៅក្នុងវីដេអូថ្មីចុងក្រោយរបស់គាត់
- BY
- autoadmin
- January 31, 2023
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ថ្មីៗនេះកំពូលតារា YouTube គឺលោក MrBeast កំពុងធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១,០០០នាក់ អាចមើលឃើញឡើងវិញ ដោយបានធ្វើការចំណាយថ្លៃវះកាត់ភ្នែកឱ្យអ្នកជំងឺភ្នែកឡើងបាយ ដែលមានភ្នែកមើលមិនឃើញ ឬស្ទើរតែមើលមិនឃើញទាំងស្រុង ដែលគ្មានលទ្ធភាពក្នុងការចំណាយថ្លៃវះកាត់បាន។ MrBeast ដែលមានឈ្មោះពិត Jimmy Donaldson បាននិយាយថា៖«យើងកំពុងព្យាបាលអ្នកភ្នែកមួយពាន់នាក់» នៅក្នុងវីដេអូមួយកាលពីថ្ងៃសៅរ៍ ដែលមានអ្នកចូលមើលជាង ៣២ លានដង គិតត្រឹមរសៀលថ្ងៃអាទិត្យ។ MrBeast បានសហកាជាមួយលោកគ្រូពេទ្យភ្នែក Jeff Levenson ហើយបានធ្វើការទាក់ទងទៅជម្រកដែលគ្មានផ្ទះសម្បែង និងគ្លីនិកឥតគិតថ្លៃ ដើម្បីចាប់ផ្ដើមប្រតិបត្តិការនេះឡើង។ មិនត្រឹមតែជួយវះកាត់ឱ្យអ្នកជំងឺនោះទេ លោកថែមទាំងឧបត្ថម្ភជាទឹកប្រាក់សម្រាប់គ្រួសារដែលខ្វះខាតខ្លាំងទៀតផង។

លោក Jeff Levenson ជាគ្រូពេទ្យឯកទេសវះកាត់និងខាងភ្នែក បានធ្វើការជាមួយក្រុមហ៊ុន Donaldson ដើម្បីធ្វើការវះកាត់ជុំទីមួយនៅ Jacksonville រដ្ឋ Florida ។ លោក Levenson បានសម្របសម្រួលកម្មវិធី «អំណោយនៃការមើលឃើញ» អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលផ្តល់ការវះកាត់ភ្នែកឡើងបាយដោយឥតគិតថ្លៃ សម្រាប់អ្នកជំងឺដែលគ្មានធានារ៉ាប់រងចំពោះជំងឺភ្នែកឡើងបាយនេះ។ លោក Levenson បាននិយាយថា៖«ពាក់កណ្តាលនៃភាពពិការភ្នែកទាំងអស់នៅក្នុងពិភពលោក គឺជាមនុស្សដែលត្រូវការការវះកាត់មួយ ដែលចំណាយត្រឹមរយៈពេល ១០នាទី»។ លោកបានប្រាប់ CNN ថា លោកត្រូវបានបំផុសគំនិតឱ្យជួយវះកាត់អ្នកជំងឺភ្នែកឡើងបាយ បន្ទាប់ពីបានទទួលការវះកាត់ភ្នែកឡើងបាយរបស់គាត់ផ្ទាល់។ លោកថា លោកមិនស្គាល់ MrBeast ពីមុនមកទេ ហើយមិនធ្លាប់ជឿថាមានមនុស្សនឹងទាក់ទងទៅរកគាត់ឱ្យសហកាគ្នាក្នុងការជួយអ្នកជំងឺភ្នែកឡើងបាយបែបនេះឡើយ។ លោកបានបន្ថែមថា លោកស្ទើរតែដាក់ទូរសព្ទចុះទៅហើយ នៅពេលដែល MrBeast បានទាក់ទងទៅរកគាត់។
លោកគ្រូពេទ្យ Jeff Levenson ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ ហើយគាត់លើកទឹកចិត្តឱ្យមានការគាំទ្របន្ថែមទៀត ជាពិសេសគឺនៅក្នុងជួររដ្ឋាភិបាល ដើម្បីអាចឱ្យអ្នកជំងឺភ្នែកឡើងបាយដែលគ្មានប្រាក់គ្រប់គ្រាន់ជាច្រើនទៀត អាចមានឱកាសក្នុងការមើលឃើញឡើងវិញ៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






