សង្គម

ខ្លោចចិត្ត! ឪពុកម្តាយមកទទួលសញ្ញាបត្រជំនួសកូន ក្រោយកូនប្រុសបានលាចាកលោកមុនថ្ងៃទទួលសញ្ញាបត្រ

BY
srey nuch
January 31, 2023

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវគួរឱ្យខ្លោចចិត្តជាពន់ពេក ក្រោយឪពុកម្តាយរបស់និស្សិតមួយរូប បានមកទទួលសញ្ញាបត្រជំនួសកូនប្រុសជាទីស្រឡាញ់ដែលបានទទួលមរណភាពដោយសារតែឆក់ខ្សែភ្លើង។ ហេតុការណ៍នេះកើតឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យស្វាយរៀង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sam Thavy បានសរសេររៀបរាប់ថា៖ «វាជាអារម្មណ៍ខ្លោចផ្សាសោកសង្រែងបំផុតប្រសិនបើអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍មួយនេះ គឺនៅពេលដែលឪពុកម្តាយ និស្សិត និងជាយុវជនស្ម័គ្រចិត្តអង្គរសង្រ្កាន្តឈរជើងនៅគោលដៅលានជល់ដំរីមកទទួលសញ្ញាបត្ររបស់កូនប្រុសជាទីស្រឡាញ់។ ជានិស្សិតដែលរៀនពូកែចំណាត់ថ្នាក់លេខ១ ថ្នាក់គណិតវិទ្យា ស្លូតបូត តស៊ូរៀនសូត្រ ទោះបីជីវភាពលំបាកយ៉ាងណាក្តី។ ជាតិនេះសន្ធា អាយុខ្លីចាកចេញទៅដោយបន្សល់ទុកនូវអំពើល្អជាច្រើន ជាតិក្រោយសូមប្អូនអាយុវែង ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ គ្រប់គ្នាស្រក់ទឹកភ្នែក ខ្ញុំនឹកគ្រប់អនុស្សាវរីយ៍ដែលដឹកនាំនិងរួមការងារជាមួយសន្ធាមិនថាការងារសង្ក្រាន្ត ឬការងារនៅសាកលវិទ្យាល័យស្វាយរៀង។ ធាអើយ កូនអើយគេមកទទួលទាំងអស់បាត់តែកូនម៉ែ កូនអើយម៉ែមកទទួលសញ្ញាបត្រឲ្យកូនហើយ ម៉ែនឹងយកទៅធ្វើបុណ្យដាក់វាឲ្យកូន ធាអើយ»។

ក្នុងនោះលោកគ្រូ Sam Ath Houy ក៏បានបង្ហោះសារថា «ឪពុកម្តាយមកទទួលសញ្ញាបត្រជំនួសកូនអនិច្ចាសង្ខារមិនទៀង។ អ្នកមានគុណទាំងទ្វេតស៊ូឱ្យកូនបានរៀនចប់ដោយជោគជ័យ ប៉ុន្តែមច្ចុរាជបានមកយកជីវិតកូនមុនថ្ងៃទទួលសញ្ញាបត្រ ទុកឱ្យឪពុកម្តាយទួញយំស្រណោះកូនពន់ពេក។ ទំនួញម្តាយ៖ កូនអើយ ម៉ែមកទទួលសញ្ញាបត្រជូនកូនហើយ»

Share This Post: