លោកប្រាយុទ្ធ ចាន់អូចា អះអាងថា ម៉ឺយថៃគឺជារបស់ថៃជារៀងរហូត គ្មាននរណាម្នាក់អាចយកបានឡើយ
- BY
- autoadmin
- January 31, 2023
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ នេះថា ប្រទេសថៃមិនចាំបាច់ទៅឈ្លោះជាមួយអ្នកដទៃទេ ព្រោះម៉ឺយថៃគឺជារបស់ថៃជារៀងរហូត។ លោកបានថ្លែងបែបនេះ នៅក្នុងអំឡុងពេលសកម្មភាពលើកកម្ពស់ទិវាម៉ឺយថៃ នៅឯវិមានរដ្ឋាភិបាល។ ជម្រាបផងដែរថា ភាពចម្រូងចម្រាសបានផ្ទុះឡើងរវាងថៃនិងកម្ពុជា នាពេលថ្មីៗនេះ នៅពេលដែលកម្ពុជា ដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំនេះ បានសម្រេចប្រើប្រាស់ពាក្យ «គុនខ្មែរ» នៅក្នុងវិញ្ញាសាប្រដាល់សេរី។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា។

នៅក្នុងព្រឹត្តិការណ៍នៅថ្ងៃអង្គារនេះ លោក ប្រាយុទ្ធ បានចូលរួមក្នុងសកម្មភាពជាច្រើនរួមទាំងការសម្តែងម៉ឺយថៃ ដែលធ្វើឡើងដោយសិស្សសាលា Nong Hin និងអ្នកប្រដាល់ផ្សេងទៀត។ នាយករដ្ឋមន្ត្រីរូបនេះក៏បានបង្ហាញពីជំនាញម៉ឺយថៃរបស់គាត់ មុនពេលគាត់បានសម្ដែងការអរគុណចំពោះអ្នករៀបចំ និងភ្នាក់ងារពាក់ព័ន្ធផងដែរ។
លោក ប្រាយុទ្ធ បានពណ៌នាម៉ឺយថៃថា ជាសិល្បៈក្បាច់គុនពិសេស និងប្រាជ្ញាវប្បធម៌ដ៏មានតម្លៃមួយ។ លោកក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តលើកកម្ពស់ម៉ឺយថៃជា soft power ដែលអាចជួយជំរុញសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ លោកនាយករដ្ឋមន្ត្រីក៏បានសង្ឃឹមថា «មហោស្រពម៉ឺយថៃដ៏អស្ចារ្យឆ្នាំ២០២៣» នឹងទទួលបានជោគជ័យយ៉ាងខ្លាំង។ ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈ នៅឧទ្យាន Rajabhakti របស់ភូមិ Hua Hin៕



អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






