អន្តរជាតិ

២ឆ្នាំ ចាប់តាំងពីកម្លាំងយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារទម្លាក់តំណែងលោកស្រី អ៊ុងសាន ស៊ូជី

BY
autoadmin
February 1, 2023

ភាពចលាចលនៅតែបន្តក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលគិតត្រឹមថ្ងៃពុធនេះ វាគឺជាខួប ២ឆ្នាំ ចាប់តាំងពីពួកយោធាបានផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យរបស់ប្រទេសនេះ។ គួររំលឹកដែរថា យោធាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានចោទប្រកាន់ថា មានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ឬ NLD ដឹកនាំដោយលោក ស្រីអ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។ កងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យមួយចំនួនក៏បានប្រយុទ្ធប្រឆាំងនឹងពួកយោធាដែរ ប៉ុន្តែពួកយោធានៅតែបន្តធ្វើការបង្រ្កាបអ្នកដែលប្រឆាំងនឹងខ្លួន។ ក្រុមសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបាននិយាយថា មនុស្សចំនួន ២,២៩០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីរដ្ឋប្រហារទម្លាប់លោកស្រី អ៊ុងសាន ស៊ូជី។

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនចាប់តាំងពីថ្ងៃរដ្ឋប្រហារដំបូង ហើយគាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន ៣៣ឆ្នាំ លើបទចោទប្រកាន់ដែលគាត់ប្រកែកថាមិនបានធ្វើ។ កាល​ពី​ខែ​មុន ​យោធា​បាន​អនុម័ត​ច្បាប់​ថ្មី​ស្តី​ពី​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ ​ដែល​នឹង​ធ្វើឱ្យ​គណបក្ស NLD ជាគណបក្សខុសច្បាប់។ មន្ត្រី​យោធា​និយាយ​ថា ពួកគេ​កំពុង​រៀបចំ​ការ​បោះឆ្នោត​សម្រាប់​ខែ​សីហា​ឆ្នាំ​នេះ។ ប៉ុន្តែ​អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា របប​យោធា​អាច​នឹង​ពន្យារពេល​ការ​បោះឆ្នោត​ ដោយ​លើក​ឡើង​ពី​ហេតុផល​សន្តិសុខ ដើម្បី​រក្សា​ការ​កាន់​អំណាច។ អ្នក​ជំនាញ​ផ្នែក​កិច្ចការ​មីយ៉ាន់ម៉ា​បាននិយាយ​ថា ការ​បោះឆ្នោតនេះនឹងមិនអាចទៅរួច តាម​របៀប​ដែល​យោធា​រំពឹង​ទុកឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: