អន្តរជាតិ

សហរដ្ឋអាមេរិកត្រៀមប្រកាសជំនួយយោធាដែលមានតម្លៃជាង ២ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

BY
autoadmin
February 1, 2023

មន្ត្រីអាមេរិក ២រូប បាននិយាយថា សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនជាស្រេចនូវជំនួយយោធាដែលមានតម្លៃជាង ២ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់បែក និងអាវុធដទៃទៀត។ ក្រុមមន្ត្រីបាននិយាយថា ជំនួយនេះត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ ពួកគេបន្ថែមថា វាត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលផងដែរនូវឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot គ្រាប់បែក និងអាវុធប្រឆាំងរថក្រោះ Javelin ។

មន្ត្រីបាននិយាយថា ផ្នែកមួយនៃកញ្ចប់ដែលមានតម្លៃ ១.៧២៥ ពាន់លានដុល្លារ នឹងមកពីមូលនិធិដែលគេស្គាល់ថា ជាគម្រោងជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ទទួលបានអាវុធពីឧស្សាហកម្មជាជាងពីស្តុកអាវុធរបស់សហរដ្ឋអាមេរិកផ្ទាល់។ មូលនិធិរបស់ USAI នឹងឆ្ពោះទៅរកការទិញអាវុធថ្មីមួយគឺ Ground Launched Small Diameter Bomb (GLSDB) ដែលផលិតដោយក្រុមហ៊ុន Boeing Co ដែលអាចបាញ់បានចម្ងាយ ១៥០ គីឡូម៉ែត្រ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់អ៊ុយក្រែនសម្រាប់មីស៊ីល ATACMS ដែលអាចបាញ់ចម្ងាយ  ២៩៧ គីឡូម៉ែត្រ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: