ម្ចាស់ឯកត្តកម្មពិភពលោកជាមនុស្ស ដែលអាយុវែងជាងគេលើលោក បានទទួលមរណភាពហើយក្នុងអាយុ ១១៣ ឆ្នាំ
ជប៉ុន៖ លោកតាដែលមានអាយុច្រើនជាងគេបំផុតបានស្លាប់បាត់បង់ជីវិតហើយ ខណៈដែលលោកតាមានអាយុរហូតដល់ទៅ ១១៣ ឆ្នាំ។ ម្ចាស់ឯកត្តកម្មពិភពលោកជាមនុស្សដែលអាយុវែងជាងគេរូបនេះមានឈ្មោះថា Masazo Nonaka ជាជនជាតិជប៉ុន ហើយកំណត់ត្រាជាមនុស្ស ដែលមានអាយុវែងជាងគេនេះគឺគាត់បានទទួលនៅក្នុងឆ្នាំ ២០១៨។ បើតាមអត្តសញ្ញាណប័ណ្ណរបស់គាត់លោកតាបានកើតនៅក្នុងថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩០៥ ហើយបើគិតពីអាយុជាក់ស្តែងរបស់គាត់មកទល់នឹងថ្ងៃនេះគឺមានរយៈពេល ១១២ ឆ្នាំ និង ២៥៩ ថ្ងៃ។
បើយោងតាមកិច្ចសំភាសន៍ជាមួយនឹងទូរទស្សន៍ និងសារព័ត៌មានជាច្រើននាពេលកន្លងមក លោកតាធ្លាប់បានប្រាប់ថា លោកតាបានចំណាយពេលក្រោយចូលនិវត្តន៍ពីការងារដូចមនុស្សចាស់ដទៃដែរ គ្មានអ្វីពិសេសនោះទេ គឺគាត់តែងញ៉ាំបង្អែម នំ មើលទូរទស្សន៍ និងអានកាសែតជាដើម ហើយក៏មិនបានបញ្ជាក់ថាគាត់មានលក្ខណៈពិសេសអ្វីទើបអាចរស់បានយូរដូចនេះដែរ។ ក្រោយពីលោកតាអាយុ ១១៣ ឆ្នាំម្នាក់នេះបានស្លាប់ទៅ ជប៉ុននៅសល់មនុស្សដែលមានអាយុប្រហែលជា ១០០ ឆ្នាំ ច្រើននាក់ទៀត ហើយគេរំពឹងថាពួកគាត់អាចនឹងនៅរស់បានយូរជាច្រើនឆ្នាំទៅមុខទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN