អ្នកប្រើប្រាស់បារីអេឡិចត្រូនិកនៅប្រទេសថៃ អាចប្រឈមនឹងការពិន័យជាប្រាក់ និងជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ
- BY
- autoadmin
- February 1, 2023
មេធាវីល្បីមួយរូបបានព្រមានថា អ្នកប្រើប្រាស់បារីអេឡិចត្រូនិកនៅប្រទេសថៃ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ធ្ងន់ធ្ងរ។ ការព្រមានរបស់មេធាវីលោក Ronnarong Kaewpetch បានកើតមានឡើង បន្ទាប់ពីមានការភាន់ច្រឡំជាសាធារណៈ ក្រោយប៉ូលីសក្រុងបាងកកបានទទួលសំណូកពីតារាស្រីតៃវ៉ាន់ម្នាក់ ដើម្បីដោះខ្លួនពីទោសដែលនាងបានប្រើប្រាស់បារីអេឡិចត្រូនិក។ ឥឡូវនេះ មេប៉ូលិស ២នាក់ និងពលទាហាន ៥នាក់ មកពីស្ថានីយ៍ Huay Kwang កំពុងប្រឈមមុខនឹងការចោទប្រកាន់ផ្នែកវិន័យ និងព្រហ្មទណ្ឌ បន្ទាប់ពីបានដោះលែងសម្តែងនាង Charlene An ជាថ្នូរនឹងប្រាក់ ២៧,០០០ បាត។

អ្នកប្រើប្រាស់បណ្ដាញសង្គមថៃបានយល់ច្រលំថា ហេតុអ្វីបានជាប៉ូលីសឃាត់ខ្លួនតារាស្រីតៃវ៉ាន់ម្នាក់នោះ ខណៈដែលឧបករណ៍ Vape មានលក់ និងប្រើប្រាស់យ៉ាងទូលំទូលាយ។ ទោះជាយ៉ាងណា លោកមេធាវីបានព្រមានថា អ្នកដែលប្រើប្រាស់បារីអេឡិចត្រូនិកអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់ ៤ដង នៃតម្លៃឧបករណ៍។ លោកបានបន្ថែមថា ការជក់បារីនៅទីសាធារណៈក៏រំលោភលើមាត្រា ៤២ នៃច្បាប់គ្រប់គ្រងថ្នាំជក់ ដែលត្រូវពិន័យជាប្រាក់ ៥,០០០ បាត។ លោកបានកត់សម្គាល់ថា ក្រសួងពាណិជ្ជកម្មបានចេញការហាមឃាត់ការនាំចូលបារីអេឡិចត្រូនិក និងឧបករណ៍ដែលពាក់ព័ន្ធនានា ចាប់តាំងពីឆ្នាំ២០១៤។
ជម្រាបដែរថា ច្បាប់ថៃ ការនាំចូលឧបករណ៍ជក់បារីអេឡិចត្រូនិក ឬទឹកថ្នាំរបស់វា បំពានផ្នែកទី២០ នៃច្បាប់នាំចូល/នាំចេញ ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និង/ឬពិន័យជាប្រាក់ ៥ដង នៃតម្លៃទំនិញ។ ក្រុមប្រឹក្សាការពារអ្នកប្រើប្រាស់ក៏បានហាមឃាត់ការលក់បារីអេឡិចត្រូនិច ឧបករណ៍ពាក់ព័ន្ធ និងទឹកថ្នាំរបស់វា នៅក្នុងឆ្នាំ២០១៥ ជាមួយនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និង/ឬពិន័យជាប្រាក់ចំនួន ៥០០,០០០ បាត (ជាង ១៥,០០០ ដុល្លារ) សម្រាប់អ្នកបំពាន៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






