លោកប្រាយុទ្ធ ចាន់អូចា បានស្នើឱ្យពលរដ្ឋធ្វើការពីផ្ទះ និងចៀសវាងសកម្មភាពក្រៅផ្ទះរយៈពេលយូរ ក្នុងកំឡុងពេលប្រឈមនឹងខ្យល់ពុល PM2.5
- BY
- autoadmin
- February 2, 2023
រដ្ឋាភិបាលថៃណែនាំប្រជាជនឱ្យពាក់ម៉ាស់ពេលចេញក្រៅ ហើយពិចារណាធ្វើការពីផ្ទះនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ដើម្បីចៀសវាង ការបំពុលបរិយាកាស PM2.5 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្យាករណ៍ថា ការបំពុលខ្យល់ PM2.5 នឹងកើនឡើងពាសពេញប្រទេសថៃ នៅថ្ងៃទី០២-៣ ខែកុម្ភៈ ដោយសារភាគល្អិតកកកុញនៅក្នុងខ្យល់។ ការបំពុលខ្យល់ PM2.5 នេះផងដែរ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺបេះដូង និងសួត ក៏ដូចជាជំងឺមហារីក។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធថា៖«នាយករដ្ឋមន្ត្រីលោកប្រាយុទ្ធ ចាន់អូចា មានការព្រួយបារម្ភអំពីសុខភាពរបស់ប្រជាជន ជាពិសេសក្រុមដែលងាយរងគ្រោះ ហើយបានណែនាំពួកគេឱ្យពាក់ម៉ាស់ ឬម៉ាស់ N95 នៅពេលចាកចេញពីផ្ទះ ហើយចៀសវាងសកម្មភាពក្រៅផ្ទះរយៈពេលយូរ»។ លោក ប្រាយុទ្ធ ក៏បានជំរុញឱ្យភ្នាក់ងាររដ្ឋាភិបាល និងអាជីវកម្មនានា ពិចារណាពីវិធីសាស្រ្តធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការបំពុលខ្យល់ពីចរាចរណ៍។
ខ្យល់ពុលនឹងប្រសើរឡើងចាប់ពីថ្ងៃសៅរ៍ នៅពេលខ្យល់មានចលនា ហើយចាប់ផ្តើមបំបែកភាគល្អិតបំពុលបរិយាកាសទាំងនោះ។ លោក Anucha បានណែនាំអ្នកដែលត្រូវចាកចេញពីផ្ទះឱ្យពាក់ម៉ាស់មុខ និងពិនិត្យមើលគុណភាពខ្យល់នៅក្នុងតំបន់របស់ពួកគេ តាមរយៈគេហទំព័រ ឬកម្មវិធី។ លោកថា អ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ ឬមានរោគសញ្ញាផ្លូវដង្ហើម គួរទៅពិគ្រោះជាមួយគ្រូពេទ្យមុននឹងធ្វើសកម្មភាពក្រៅផ្ទះ។ យោងតាមគេហទំព័រ iqair.com បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មិនល្អខ្លាំង» នៅទីក្រុងបាងកក សាមុតប្រាកាន អយុធ្យា ផាតឆាប៊ុន កានចាន់បូរី និងប៉ាធុមថានី យោងតាមគេហទំព័រ iqair.com ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






