ទីក្រុងបាងកករបស់ប្រទេសថៃ ប្រឈមនឹងខ្យល់ពុលដ៏អាក្រក់លំដាប់ទី៣ នៅក្នុងពិភពលោក
- BY
- Lyda
- February 3, 2023
ប្រជាជនទីក្រុងបាងកកកំពុងប្រឈមនឹងខ្យល់ពុលកម្រិតគ្មានសុវត្ថិភាពក្នុងសប្តាហ៍នេះ ដោយកម្រិតភាគល្អិត PM2.5 មានរហូតដល់ទៅ ៩០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m3) ដែលត្រូវបានរាយការណ៍ពីតំបន់ជាង ៧០ ខណៈដែលដែនកំណត់សុវត្ថិភាពរបស់ប្រទេសថៃគឺ ៥០ μg/m3 ។ កម្រិត PM2.5 កើនឡើងខ្ពស់នឹងបង្កហានិភ័យដល់សុខភាព ជាពិសេសសម្រាប់អ្នកដែលមានជំងឺសួតរ៉ាំរ៉ៃ។ នាយកដ្ឋានឧតុនិយមថៃ (TMD) ព្យាករណ៍ថា កម្រិត PM2.5 នឹងកើនឡើងពាសពេញប្រទេសថៃរហូតដល់ថ្ងៃសុក្រ ដោយសារភាគល្អិតតូចៗនៅកកកុញពេញខ្យល់អាកាស។ រដ្ឋាភិបាលក៏បានណែនាំប្រជាជនឱ្យពាក់ម៉ាស់នៅពេលចេញក្រៅ ហើយពិចារណាធ្វើការពីផ្ទះនៅថ្ងៃព្រហស្បតិ៍ និងសុក្រ។
គេហទំព័រ iqair.com បានរាយការណ៍ថា សន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ទីក្រុងបាងកកបានស្ថិតនៅកម្រិត ១៩៨ គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យវាក្លាយជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតទី៣ នៅក្នុងពិភពលោក។ ពោលគឺរាជធានីរបស់ថៃ នៅពីក្រោយតែទីក្រុងបុមបៃ របស់ឥណ្ឌា (AQI ២០៧) និងទីក្រុង Lahore របស់ប៉ាគីស្ថាន (២០២) ប៉ុណ្ណោះ។ ខ្យល់ពុលបានធូរស្រាលនៅថ្ងៃសុក្រនេះ ដោយសន្ទស្សន៍គុណភាពខ្យល់បានធ្លាក់ដល់ ១០២ សម្រាប់ទីក្រុងបាងកក គិតត្រឹមម៉ោង ៩ ព្រឹក។ TMD ព្យាករណ៍ថា ការបំពុលខ្យល់នៅក្នុងរដ្ឋធានីនឹងកាត់បន្ថយនៅថ្ងៃសៅរ៍ ដោយសារនឹងមានខ្យល់បក់បោកខ្លាំង បំបែកភាគល្អិតដែលកកកុញក្នុងខ្យល់ទាំងនោះ៕
អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post: