CIA អាមេរិកបានអះអាងថា ប្រធានាធិបតីលោក ស៊ី ជីនពីង បញ្ជាយោធាចិនឱ្យត្រៀមខ្លួនឈ្លានពានកោះតៃវ៉ាន់នៅឆ្នាំ២០២៧
- BY
- Lyda
- February 3, 2023
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) លោក William Burns បានមានប្រសាសន៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាឱ្យយោធាត្រៀមខ្លួន ដើម្បីធ្វើការឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧។ លោក Burns បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ នៅសាកលវិទ្យាល័យ Georgetown ក្នុងទីក្រុង Washington DC កាលពីថ្ងៃព្រហស្បតិ៍ថា លោក ស៊ី បានចេញបញ្ជាទៅយោធារបស់ប្រទេសគាត់ ប៉ុន្តែនេះមិនមានន័យថា គាត់បានសម្រេចចិត្តឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧ ឬឆ្នាំផ្សេងទៀតនោះទេ ប៉ុន្តែវាគឺជាការរំលឹកថា លោក ស៊ី មានភាពច្បាស់លាស់ និងផ្តោតលើមហិច្ឆតារបស់ខ្លួន។
លោក Burns បាននិយាយថា៖«ខ្ញុំនឹងមិនមើលស្រាលមហិច្ឆតារបស់ប្រធានាធិបតី ស៊ី ទាក់ទងនឹងតៃវ៉ាន់នោះទេ»។ នាយក CIA រូបនេះបាននិយាយថា លោក ស៊ី កំពុងមើលយ៉ាងដិតដល់ចំពោះការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ លោកថា វាទំនងដែលប្រធានាធិបតីចិនមិនទាន់ស្ងប់ចិត្ត និងភ្ញាក់ផ្អើលបន្តិច ចំពោះការអនុវត្តរបស់យោធារុស្ស៊ី។ បច្ចុប្បន្ន លោក ស៊ី កំពុងកាន់តំណែងជាមេដឹកនាំបក្សកុម្មុយនិស្ត ក្នុងអាណត្តិទី៣ ខណៈអាណត្តិរបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៧។ នៅឆ្នាំ ២០២១ អតីតមេបញ្ជាការទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក លោក Philip Davidson ក៏ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍របស់ NHK ដែរថា ការគំរាមកំហែងរបស់ចិនចំពោះតៃវ៉ាន់នឹងបង្ហាញខ្លួនក្នុងរយៈពេល ៦ ឆ្នាំខាងមុខ។ ពោលគឺស្របនឹងឆ្នាំ២០២៧ តែម្ដង៕
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post: