សង្គម
ទីបំផុត! ជីដូនអាយុ ៩៣ឆ្នាំ ដែលរង់ចាំអ្នកមកទទួលអស់ជាច្រើនថ្ងៃ ត្រូវបានចៅប្រុសមកទទួលទៅផ្ទះវិញហើយ
ខេត្តព្រះសីហនុ៖ ករណីជីដូនវ័យជាង៩០ឆ្នាំមួយរូប ដើរមិនរួចជិះតែលើរទេះរុញ ដែលអះអាងថាកូនចៅបោះបង់ចោល ហើយត្រូវបានសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកជីដូនរូបនេះទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ពេលនេះលោកយាយ ត្រូវបានចៅមកទទួលយកទៅដល់ផ្ទះវិញហើយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកមួយឈ្មោះថា លោកស្រី សុខ ស៊ីថា ស្មៀនសង្កាត់លេខ១ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សូមចូលរួម ត្រេកអរផង លោកយាយ ជីដូនអាយុ ៩៣ឆ្នាំ ត្រូវបានចៅ មកទទួលយកទៅដល់ ផ្ទះ វិញហើយ !!”




ប្រភព៖ លោកស្រី សុខ ស៊ីថា ស្មៀនសង្កាត់លេខ១
សង្គម
រំជួលចិត្ត! ក្មេងប្រុសម្នាក់ សុំច្បាប់គ្រូទៅជួយម្តាយលាងចានឱ្យគេ ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាព
វីដេអូមួយកំពុងការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពីក្មេងប្រុសម្នាក់ ឈ្មោះ សូត្រ សុខនឿន អាយុ១០ឆ្នាំ នៅខេត្តកំពង់ស្ពឺ ព្រោះតែជីវភាពក្រលំបាក ក្មេងប្រុសនោះបាននិយាយទាំងទឹកភ្នែក សុំច្បាប់លោកគ្រូចំនួន ២ថ្ងៃ ដើម្បីជួយដល់ម្ដាយទៅលាងចានឱ្យគេនៅតាមរោងការ ដែលទស្សនីយភាពនេះ បានធ្វើឱ្យមហាជនអាណិតអាសូរជាពន់ពេក និងរំជួលចិត្ត អួលដើមករ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

បើយោងតាមការបង្ហោះពីម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា ស៊ិន សាវន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ តាមរយៈ ខ្លឹមសារសំណេរ បានសរសេររៀបថា៖ «ជិវិតលំបាកក៏មិនបោះបង់ការសិក្សាដែរ! គួរឱ្យអាណិតខ្លាំងណាស់ប្អូនប្រុស សូត្រ សុខនឿន អាយុ ១០ឆ្នាំ រៀនថ្នាក់ទី២ ព្រោះតែជីវភាពនិងដើម្បីជួយដល់ម្តាយនិងប្អូនៗម៉ោងសម្រាកពីការសិក្សាទៅលាងចានឱ្យគេជាមួយម្តាយតាមរោងការ រោងបុណ្យ ដើម្បីបានប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ សូមបងប្អូនមេត្តាជួយដល់គ្រួសារប្អូនប្រុសនេះផង នៅភូមិតាំងរងៀង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ »។
បន្ទាប់ពីបានមើលឃើញនូវទុកលំបាករបស់ ប្អូនប្រុស សូត្រ សុខនឿន ឃើញថា មានអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើន បានចូលរួមថវិកាទៅតាមសទ្ធារៀងៗខ្លួនផងដែរ ៕





ប្រភព៖ ស៊ិន សាវន
សង្គម
កីឡាការិនីឆ្នើម ស្រួង ភាវី គ្រងឈុតមេទ័ពស្រីសម័យអង្គរ ឃើញហើយពិតជាមិនសរសើរមិនបាន គឺអង់អាចណាស់
នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) បានបង្ហាញរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត ដែលបានគ្រងឈុតសម្លៀកបំពាក់បែបមេទ័ពស្រី មើលទៅហាក់បីដូចជាមេទ័ពស្រីដែលមានឥទ្ធិពល និងអង់អាចជាខ្លាំង ដោយអមជាមួយសំណេរយ៉ាងមានអត្ថន័យថែមទៀតផង។

ក្នុងសំណេរ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឈុតមេទ័ពស្រីសម័យអង្គរ! បើមើលត្រឹមរូបភាព ពុកម៉ែបងប្អូនប្រាកដជាគិតថា ពេលខ្ញុំបានស្លៀកពាក់ឈុតនេះ មានអារម្មណ៍ថាសប្បាយរីករាយណាស់ហើយ។ តែតាមពិតមិនដូច្នេះទេ អារម្មណ៍ខ្ញុំពេលគ្រងឈុតនេះ គឺក្រៀមក្រំបំផុត ព្រោះថា អ្វីៗដែលបុព្វបុរសខ្មែរយើងបង្កើត និងបានបន្សល់ទុក គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយអស្ចារ្យខ្លាំងណាស់។ គិតដល់ចំណុចនេះ ទើបធ្វើឱ្យអារម្មណ៍ខ្ញុំក្រៀមក្រំ ព្រោះខ្លាចបាត់បង់ទៅវិញ នូវអ្វីៗទាំងអស់ដែលបុព្វបុរសយើងបង្កើតបាន និងបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយរៀនយកនិងថែរក្សាឱ្យបានរីកចម្រើននិងគង់វង្សផង។ »
កីឡាការិនីឆ្នើម ស្រួង ភាវី បានបន្តទៀតថា៖ «តែគ្រប់យ៉ាងហាក់ពុំដូច្នោះទេ ព្រោះសព្វថ្ងៃអ្វីៗដែលបុព្វបុរសយើងបន្សល់ទុក គឺតិចតួចណាស់អ្នកដែលខ្វល់ខ្វាយគិតគូរថែរក្សាការពារអ្វីៗដែលជារបស់ខ្លួន បែរខ្វល់ខ្វាយគិតគូរណាស់អ្វីដែលជារបស់គេទៅវិញ។ យើងទាំងអស់គ្នា គួរតែមោទកភាពដែលកើតមកជាកូនខ្មែរ លើដែនដីសុវណ្ណភូមិដ៏ផូរផង់ ហើយសំបូរទៅដោយសម្បត្តិវប្បធម៌ដ៏អស្ចារ្យជាច្រើនដែលរៀបរាប់គណនាពុំបានឡើយ។ សូមកូនខ្មែរគិតឡើងវិញ កុំឱ្យហួសពេល សូមចូលរួមស្រលាញ់នូវអ្វីៗដែលខ្មែរមាន សូមចូលរួមថែរក្សាការពារឱ្យបានរីកចម្រើន នឹងគង់វង្សជានិរន្តរ៍ផងចុះ ៕ »









ប្រភព៖ Sruong Pheavy
សង្គម
សោកស្តាយ! លោក Keisuke Honda សម្រេចបិទក្លិបបាល់ទាត់ សូលទីឡូអង្គរ ដោយសារមិនអាចរកដៃគូសហការឧបត្ថម្ភ
(ភ្នំពេញ)៖ ជារឿងគួរឱ្យសោកស្តាយ ក្រុមបាល់ទាត់នៅលីគលំដាប់ទីពីរកម្ពុជា សូលទីឡូអង្គរ (Soltilo Angkor FC) ដែលជាការផ្ដួចផ្ដើមបង្កើតឡើងដោយលោក Keisuke Honda ក្នុងឆ្នាំ២០១៧ ត្រូវបានរំសាយចោល។

លោក Keisuke Honda ប្រធានក្លិបបាល់ទាត់ Soltilo Angkor FC នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឱ្យដឹងថាលោកសម្រេចចិត្តបញ្ចប់ដំណើររបស់ក្លិបបាល់ទាត់នេះ ក្រោយមិនអាចរកដៃគូសហការឧបត្ថម្ភក្លិប។
លោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លិប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លិបនេះអស់រយៈពេល៦ឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។
ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។ ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។ សូមសំណាងល្អកម្ពុជា!»៕



